ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន អំពាវនាវ ឱ្យមានការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីលុបបំបាត់ ការគំរាមកំហែង នុយក្លេអ៊ែរ

យូអិន ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវ ឱ្យប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីលុបបំបាត់ ការគំរាមកំហែងនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Guterres បានធ្វើការអំពាវនាវនេះ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ ដើម្បីរំលឹក និងលើកតម្កើងទិវាអន្តរជាតិ សម្រាប់ការលុបបំបាត់ អាវុធនុយក្លេអ៊ែរសរុប ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ខែកញ្ញា ។

លោកបានមានប្រសាសន៍ថា “យើងមកជួបជុំគ្នា នៅថ្ងៃអន្តរជាតិនេះ ដើម្បីនិយាយជាសំឡេងតែមួយ ដើម្បីឈរការពារ ពិភពលោករបស់យើង និងអនាគតរបស់យើង ហើយដើម្បីបដិសេធ ការអះអាងដែលថា ការរំសាយអាវុធនុយក្លេអ៊ែរ គឺជាក្តីសុបិន ដែលមិនអាចបំភ្លេចបាន” ។

លោកបានកត់សម្គាល់ថា ការលុបបំបាត់អាវុធ នុយក្លេអ៊ែរនឹងក្លាយជាអំណោយ ដ៏អស្ចារ្យបំផុត “យើងអាចផ្តល់ឱ្យមនុស្សជំនាន់ក្រោយ” ។ នៅចុងខែសីហា សន្និសិទពិនិត្យលើកទី១០ នៃ ភាគីនៃសន្ធិសញ្ញា ស្តីពីការមិនរីក សាយភាយនៃអាវុធនុយក្លេអ៊ែរ បានបរាជ័យក្នុងការអនុម័ត ឯកសារលទ្ធផល។

ដោយបង្ហាញពីការខកចិត្ត ចំពោះការបរាជ័យ នៃសន្និសីទក្នុងការសម្រេច បានលទ្ធផលជាសំខាន់ លោក Guterres បានប្តេជ្ញាថា “យើងនឹងមិនបោះបង់ចោលឡើយ” ។

លោកបានបន្ថែមថា “ខ្ញុំជំរុញឱ្យរដ្ឋទាំងអស់ប្រើគ្រប់មធ្យោបាយ នៃការសន្ទនា ការទូត និងការចរចា ដើម្បីបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយហានិភ័យ និងលុបបំបាត់ការ គំរាមកំហែងនុយក្លេអ៊ែរ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top