ព័ត៌មានអន្តរជាតិ

ធនាគារ ADB គ្រោងផ្តល់ថវិកា ១៤ពាន់លានដុល្លារ អាមេរិកជួយដល់ វិបត្តិស្បៀង នៅក្នុងតំបន់

ម៉ានីល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ថា នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងផ្តល់ ប្រាក់យ៉ាងតិច ១៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២-២០២៥ ក្នុងកម្មវិធីគាំទ្រដ៏ទូលំទូលាយមួយ ដើម្បីកាត់បន្ថយ នូវវិបត្តិស្បៀង អាហារនៅអាស៊ី និងប៉ាស៊ីហ្វិក នេះបើតាមការលើកឡើង របស់ប្រធានធនាគារកណ្តាល បានឲ្យដឹង នៅថ្ងៃអង្គារនេះ ។
លោក Masatsugu Asakawa នាយក ADB បានប្រាប់សន្និសីទសារព័ត៌មានថា “ការឆ្លើយតបរបស់យើង នឹងមានលក្ខណៈទូលំទូលាយ ដោយនាំឱ្យមានការផ្តោត អារម្មណ៍ទាំងទិដ្ឋភាពភ្លាមៗ និងរយៈពេលវែង នៃសន្តិសុខស្បៀង” ។

ធនាគារ ADB បានឲ្យដឹងថា ជំនួយក្រោមកម្មវិធីនឹងចាប់ផ្តើមនៅឆ្នាំនេះ ហើយនឹងត្រូវបានទាញចេញ ពីប្រតិបត្តិការផ្នែកអធិបតេយ្យភាព និងឯកជនរបស់អ្នកផ្តល់ប្រាក់កម្ចី ។

ការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិស្បៀងអាហារជាសាកល ខណៈដែលជម្លោះបានបង្អាក់ ការផ្គត់ផ្គង់ស្បៀងអាហារ ជី ធ្វើឱ្យប្រព័ន្ធស្បៀងអាហារ ពិភពលោកចុះខ្សោយរួចជាស្រេច និងដោយសារឥទ្ធិពល បម្រែបម្រួលអាកាសធាតុផងដែរ ។

រុស្ស៊ី បានហៅសកម្មភាព របស់ខ្លួនមកលើអ៊ុយក្រែនថា ជាប្រតិបត្តិការយោធាពិសេស ។

លោក Asakawa បានថ្លែងនៅក្នុងសុន្ទរកថាដាច់ដោយឡែក នៅឯកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥របស់ធនាគារ ADB ថា “នេះគឺជាការឆ្លើយតបទាន់ពេលវេលា និងចាំបាច់ជាបន្ទាន់ ចំពោះវិបត្តិ ដែលកំពុងធ្វើឱ្យគ្រួសារក្រីក្រ ជាច្រើននៅអាស៊ីស្រេកឃ្លាន និងស្ថិតក្នុងភាពក្រីក្រ កាន់តែខ្លាំងឡើងៗ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top