ព័ត៌មានអន្តរជាតិ

អតីតអ្នកការទូត៖ ការឈ្លានពានរបស់ចិន នាំឲ្យតៃវ៉ាន់ ខិតទៅកាន់ជិត ខាងអាមេរិក

តៃប៉ិ ៖ អតីតរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Mike Pompeo បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ ជំរុញទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ច ចំពេលមានការឈ្លានពាន កាន់តែខ្លាំងឡើងរបស់ប្រទេសចិន ដែលជាកត្តាជំរុញដ៏សំខាន់ ក្នុងការនាំកោះតៃវ៉ាន់ ឱ្យកាន់តែជិតស្និទ្ធជា មួយសហរដ្ឋអាមេរិក។

លោក Pompeo បានឲ្យដឹងនៅក្នុងវេទិកា ធុរកិច្ចសកលមួយនៅទីក្រុងកំពង់ផែ Kaohsiung ភាគខាងត្បូងថា វាមិនអាចប្រកែកបានថា “ការប្រព្រឹត្តដ៏គឃ្លើនរបស់ចិន ខាងការទូត យោធា សេដ្ឋកិច្ច បានផ្លាស់ប្តូរតំបន់នេះ ហើយវានាំឱ្យអ្នកដែលចូលចិត្តសន្តិភាព និងពាណិជ្ជកម្មកាន់តែជិតស្និទ្ធជាមួយគ្នា ” ។

ដំណើរទស្សនកិច្ចរបស់លោក Pompeo គឺជាដំណើរទស្សនកិច្ចលើកទីពីរ របស់លោក ទៅកាន់កោះតៃវ៉ាន់ សម្រាប់ឆ្នាំនេះ បន្ទាប់ពីមួយនៅក្នុងខែមីនា ហើយមកមុនសមាជបក្សកុម្មុយនិស្ត ដែលកាន់អំណាចម្តងក្នុងរយៈពេល ៥ឆ្នាំនៅខែក្រោយ ដែលប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថា នឹងទទួលបាន រយៈពេល៥ឆ្នាំលើកទី៣ របស់លោក ។

ប្រឈមមុខនឹងហានិភ័យ ដែលបង្កឡើងដោយប្រទេសចិន លោក Pompeo បានលើកឡើងថា អ្នកជិតខាងរបស់តៃវ៉ាន់ បានចាប់ផ្តើមគិតឡើងវិញ អំពីទំនាក់ទំនង និងការអនុវត្តរបស់ពួកគេ។

លោក Pompeo ដែលបានតស៊ូមតិតឹងរ៉ឹងប្រឆាំង នឹងប្រទេសចិន នៅពេលលោកកាន់តំណែងបានលើកឡើងថា “ប្រសិនបើយើងចង់ បានសតវត្សទី២១ សេរី ហើយមិនមែនសតវត្សទីចិនទេនោះ សតវត្សដែលលោក ស៊ី ជីនពីង ស្រមៃចង់បាននោះ គំរូចាស់នៃការភ្ជាប់ពាក្យ ដោយខ្វាក់ភ្នែកត្រូវតែបញ្ចប់” ។

ជំនួសមកវិញ សហរដ្ឋអាមេរិក ត្រូវតែចូលរួមជាមួយប្រទេសចិន “ជាក់ស្តែង និងតាមលក្ខខណ្ឌរបស់យើង” ដែលនឹងរួមបញ្ចូល “ទំនាក់ទំនងដ៏សាទរ ជាងនេះជាមួយតៃវ៉ាន់” ។

លោក Pompeo ក៏បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ចាត់វិធានការ ដើម្បីធ្វើអ្វីដែលត្រឹមត្រូវ ពោលគឺទទួលស្គាល់ជាផ្លូវការនូវតៃវ៉ាន់ ជាប្រទេសសេរី និងអធិបតេយ្យភាព។ លោក បាន បន្ថែមថា ការពិត គឺ ថា តៃវ៉ាន់ មិន ចាំបាច់ ប្រកាស ឯករាជ្យ របស់ ខ្លួន ទេ ដោយសារ ប្រទេស នេះ ជា ប្រទេស ឯករាជ្យ មួយ រួច ទៅ ហើយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top