ព័ត៌មានអន្តរជាតិ

CIA អាមេរិក ដឹងជាមុនអំពីគម្រោង វាយប្រហារ ទៅលើបំពង់ប្រេង Nord Stream

ទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel បានរាយការណ៍ កាលពីថ្ងៃអង្គារថា CIA អាមេរិកបាន ព្រមាន ជាមុនទៅរដ្ឋាភិបាល ទីក្រុងប៊ែកឡាំង អំពីការវាយប្រហារ ដែលអាចកើតមានលើបំពង់បង្ហូរ ឧស្ម័ននៅសមុទ្របាល់ទិក កាលពីប៉ុន្មាន”សប្តាហ៍មុន” ។ ប្រទេសអាល្លឺម៉ង់ កំពុងស្វែងរកចម្លើយផងដែរ បន្ទាប់ពីបំពង់បង្ហូរ Nord Stream របស់រុស្ស៊ី ទាំងពីរត្រូវបានខូចខាត ហើយការលេចធ្លាយឧស្ម័ន ដ៏ធំមួយបានលេចចេញពីកោះ Bornholm របស់ប្រទេសដាណឺម៉ាក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា តំរុយពីភ្នាក់ងារ ចារកម្មអាមេរិក “ទទួលបាននៅប៊ែរឡាំង ក្នុងកំឡុងរដូវក្តៅ” ដោយសំអាងលើ “មនុស្សជាច្រើន ដែលដឹងអំពីបញ្ហានេះ” ។ យ៉ាងណាក៏ដោយ ជាផ្លូវការ រដ្ឋាភិបាលសហព័ន្ធ បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើបញ្ហាទាក់ទងនឹងការ ស៊ើបអង្កេតនេះ នោះទេ។

សេវាសន្តិសុខអាល្លឺម៉ង់បច្ចុប្បន្ន កំពុងពិនិត្យមើលរូបភាពផ្កាយរណប នៃតំបន់ដែលការផ្ទុះបានកើតឡើង ប៉ុន្តែឃើញតែការធ្វើចរាចរណ៍ជើងទឹក “តាមធម្មតា” នេះបើយោងតាម Spiegel ។ ពួកគេក៏ជឿជាក់ផងដែរថា មានតែតួអង្គរដ្ឋទេ ដែលអាចធ្វើរឿងនេះបាន ដោយលើកឡើងថា “អ្នកមុជទឹក ឬនាវាមុជទឹកខ្នាតតូច” អាចដំឡើងមីន ឬគ្រឿងផ្ទុះនៅលើបំពង់បង្ហូរប្រេងបាន ។

បំពង់បង្ហូរប្រេង Nord Stream 1 និង Nord Stream 2 ទាំងពីរស្រាប់ តែបាត់បង់សម្ពាធ កាលពីថ្ងៃចន្ទ ។ អាជ្ញាធរដាណឺម៉ាក បានរាយការណ៍ ពីការលេចធ្លាយ ឧស្ម័នចេញ ពីទីក្រុងកោះ Bornholm ខណៈពេលដែលក្រុមអ្នកជំនាញ ការរញ្ជួយដីស៊ុយអែត បានចុះបញ្ជីអំពីការ ផ្ទុះជាច្រើន បានកើតឡើង។ ប្រតិបត្តិករបំពង់បង្ហូរប្រេង បានបញ្ជាក់ថា ខ្សែឧស្ម័នជាច្រើនបានរងការខូចខាត “មិនធ្លាប់មានពីមុនមក” ហើយវាមិនអាចប៉ាន់ ស្មានបានទេថានៅពេលណា ឬប្រសិនបើ សេវាអាចត្រូវបានស្ដារ ឡើងវិញនោះ៕

To Top