ព័ត៌មានអន្តរជាតិ

លោក Biden មិនស្ថិតក្នុងចំណោមមេដឹកនាំដែលនឹងត្រូវចូលរួមកិច្ចប្រជុំ Apec នៅប្រទេសថៃ

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) ចំនួន៥បានបញ្ជាក់ពីការចូលរួមរបស់ពួកគេនៅក្នុងកិច្ចប្រជុំកំពូល Apec ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកកនាពេលខាងមុខ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នេះកើតឡើងចំពេលមានព័ត៌មានថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងមិនចូលរួមកិច្ចប្រជុំដែលនឹងធ្វើឡើងថ្ងៃទី ១៨-១៩ ខែវិច្ឆិកាខាងមុខនោះទេ។

លោក Tanee បាននិយាយថា មេដឹកនាំ Apec មួយចំនួនទៀតបានជូនដំណឹងទៅឯកអគ្គរាជទូតថៃប្រចាំអង្គការសហប្រជាជាតិរួចហើយក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ប្រចាំឆ្នាំនៅទីក្រុងញូវយ៉កថា ពួកគេនឹងចូលរួមកិច្ចប្រជុំ Apec ។

ផ្ទាំងពាណិជ្ជកម្ម

លោកបាននិយាយថា មិនមានព័ត៌មានលម្អិតបន្ថែមអំពីការចូលរួមដែលបានគ្រោងទុករបស់មេដឹកនាំទាំងនេះនៅក្នុងកិច្ចប្រជុំកំពូលនេះអាចត្រូវបានបង្ហាញនោះទេ ដោយសារតែហេតុផលសន្តិសុខ។

លោក Tanee បានធ្វើសេចក្តីថ្លែងការណ៍បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោក Biden ទំនងជានឹងរំលងកិច្ចប្រជុំកំពូល Apec ។ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នឹងចូលរួមជំនួសវិញ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួលៈ ណៃ តុលា

To Top