ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី ស្នើលោក ពូទីន ដោះស្រាយជម្លោះ អ៊ុយក្រែន តាមរយៈកិច្ចចរចា

អង់ការ៉ា ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានស្នើសុំសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ឱ្យចូលរួមក្នុងការចរចា ដើម្បីដោះស្រាយវិបត្តិ អ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីតួកគី ។

លោក Erdogan បានប្រាប់លោក ពូទីន ថា “ជំហានដើម្បីកាត់បន្ថយភាពតានតឹង គឺចាំបាច់ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការអភិវឌ្ឍន៍វិជ្ជមានបន្ថែមទៀត ហើយថា ប្រទេសរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងចាត់វិធានការ ដើម្បីជួយសម្រួល ដល់ដំណើរការនេះ ជាពិសេសលើបញ្ហា នៃការចូលជាសមាជិក នៃតំបន់មួយចំនួននៅក្នុងអ៊ុយក្រែន ទៅកាន់ប្រទេសរុស្ស៊ី” តាមរយៈការហៅទូរស័ព្ទ ។

ដោយស្នើឱ្យលោក ពូទីន “ផ្តល់ឱកាសឱ្យការចរចាមួយផ្សេងទៀត” លោក Erdogan បានលើកឡើងថា តួកគីបានត្រៀមខ្លួនជាស្រេច ដើម្បីដើរតួនាទីសម្របសម្រួល នៅក្នុងដំណើរការនេះ ។

ប្រធានាធិបតីតួកគី ក៏បានសម្តែងការពេញចិត្ត ចំពោះការបញ្ចប់ដោយជោគជ័យ នៃការផ្លាស់ប្តូរអ្នកទោសរុស្ស៊ី-អ៊ុយក្រែន និងការប្រព្រឹត្តទៅ នៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានបន្តការនាំចេញ គ្រាប់ធញ្ញជាតិអ៊ុយក្រែន ទៅកាន់ទីផ្សារពិភពលោក។

លោក Erdogan បានបន្ដថា ការបន្ថែមយន្តការនាំចេញ គ្រាប់ធញ្ញជាតិ ដែលនឹងផុតកំណត់ នៅក្នុងខែវិច្ឆិកា គឺជាផលប្រយោជន៍រួម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

លោកក៏បានសន្យាថា នឹងបន្តការងាររបស់ទីក្រុងអង់ការ៉ា លើការនាំចេញជី និងផលិតផលគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី ដោយមិនមានការរំខាន។ តួកគី ដែលមានទំនាក់ទំនងល្អជាមួយ អ៊ុយក្រែន និងរុស្ស៊ី បានដើរតួជាអ្នកសម្រុះសម្រួល រវាងប្រទេសទាំងពីរចាប់តាំងពីការផ្ទុះឡើង នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន កាលពីក្នុងខែកុម្ភៈ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top