ព័ត៌មានអន្តរជាតិ

សម្តេចតេជោ ប្រកាសជំហរ មិនគាំទ្រដាច់ខាត ចំពោះការផ្ដាច់រដ្ឋណាមួយ ចេញពីអ៊ុយក្រែន

ភ្នំពេញ៖ ស្របពេលដែលសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន កាន់តែឈានទៅរកភាពតានតឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជំហរដាច់ខាត មិនគាំទ្រ ចំពោះកាផ្ដាច់រដ្ឋណាមួយ ដើម្បីយកទឹកដី ផ្នែកខាងត្បូង និងខាងកើតរបស់ អ៊ុយក្រែននោះឡើយ។

សូមរំលឹកថា រុស្ស៉ីបាននិងរៀបចំបោះឆ្នោតធ្វើប្រជាមតិ នៅក្នុងតំបន់ចំនួន៤ ដែលស្មើនឹងប្រមាណជា១៥ភាគរយ នៃទឹកដីអ៊ុយក្រែនទាំងមូល រួមមាន Lugansk, Donetsk, Zaporozhye និង Kherson។

ថ្លែងចេញពីទឹកដីនៃខេត្តសៀមរាប នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “យើងអត់គាំទ្រទេ ហើយយើងប្រឆាំងជាមួយនឹងការបង្កើតរដ្ឋ ផ្តាច់រដ្ឋ ផ្តាច់ទឹកដី ហើយនឹងការប្រើប្រាស់កម្លាំង ឬគំរាមប្រើប្រាស់កម្លាំង”។

សម្តេចបន្ថែមថា “បើសិនជាសេចក្តីសម្រេចដែលព្រៀងដោយអាមេរិក​ និងអាមេនី ដាក់ទៅក្នុងក្រុមប្រឹក្សាសន្តិសុខមិនបានទេនោះ ច្បាស់ជាទៅមហាសន្និបាតហើយ បើទៅមហាសន្និបាតអង្គការសហប្រជាជាតិ ច្បាស់ជាកម្ពុជាអត់មានជម្រើសណាផ្សេង”។

ក្នុងករណីនេះ សម្ដេចក៏បានលើកឡើងជា ឧទាហរណ៍ថា បើគេសុខៗ ស្រាប់តែលើកទ័ពមកដាក់នៅខេត្តសៀមរាប ហើយធ្វើប្រជាមតិ ដើម្បីដាក់ថាសៀមរាបទៅជារដ្ឋផ្តាច់ខ្លួនមួយ តើយើងទទួលយកបានអត់? ​យើងពិតជាទទួលមិនបានទេអាហ្នឹង ។ ករណីដូចគ្នា សូម្បីតែនៅអឺរ៉ុប កូសុវ័រដែលបង្កើតឡើងដោយណាតូ និងខាងអឺរ៉ុប ក៏មកដល់ម៉ោងនេះ យើងអត់ទទួលស្គាល់ទេ អាហ្នឹងជំហរជាក់លាក់របស់យើង៕

To Top