ព័ត៌មានអន្តរជាតិ

ប្រមុខបញ្ជាការដ្ឋាន​ ឥណ្ឌូ​ប៉ាស៊ីហ្វិក​ របស់​អាមេរិក ទំនងជានឹង​បំពេញ​ទស្សនកិច្ច​នៅជប៉ុន​ នៅ​សប្តាហ៍​ក្រោយ ខណៈកំពុងតានតឹង ជាមួយកូរ៉េខាងជើង

តូក្យូ៖ ប្រភពដែលដឹងអំពីផែនការនេះបានឲ្យដឹងថា ប្រមុខបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក Adm. John Aquilino កំពុងរៀបចំផែនការធ្វើដំណើរ ទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ ដើម្បីជួបជាមួយមន្ត្រីរដ្ឋាភិបាល និងយោធា។

ប្រភពបានឲ្យដឹងថា លោក Aquilino ទំនងជានឹងទៅទស្សនកិច្ចប្រទេសជប៉ុន នៅដើមសប្តាហ៍ក្រោយ ដោយអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ទើបតែត្រលប់ពីដំណើរទស្សនកិច្ច ទៅកាន់ប្រទេសសម្ព័ន្ធមិត្តជិតបំផុត ពីររបស់អាមេរិកនៅអាស៊ី។

ចាប់តាំងពីដើមឆ្នាំនេះមក ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលច្រើនជាង ២០ដង រួមទាំងបាញ់កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលខ្លួន បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន។

ក្តីបារម្ភ​នៅ​បន្ត​ថា កូរ៉េ​ខាង​ជើង​អាច​នឹង​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ លើក​ទី៧ របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ ដែល​នឹង​ក្លាយជាការសាកល្បងជា​លើក​ដំបូង​ របស់​ប្រទេសនេះ ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោយពេល ភាពតានតឹងក៏បានកើនឡើងជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីសកម្មភាពយោធាកើនឡើងរបស់ចិន នៅក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយខ្លួនឯង កាលពីដើមខែសីហា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top