ព័ត៌មានអន្តរជាតិ

ក្រុងបាងកក ប្រឈមនឹងការតវ៉ា ចុងសប្តាហ៍ ខណៈកំហឹងផ្ទុះឡើង​ លើការបន្តកាន់អំណាច របស់លោកប្រាយុទ្ធដល់ឆ្នាំ២០២៥

បរទេស៖ ដឹកនាំដោយអតីតមេដឹកនាំអាវក្រហមលោក Jatuporn Prompan និងមេធាវី Nitithorn Lamlua ក្រុមនេះបានស្ថិតនៅផ្លូវបំបែក Ratchaprasong កាលពីថ្ងៃសុក្រ ដើម្បីធ្វើជាសាក្សី លើសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ លើការបន្តកាន់តំណែង ជានាយករដ្ឋមន្ត្រី របស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា តុលាការបានសម្រេច ដោយសំឡេងភាគច្រើន ៦ ទល់នឹង ៣ ដែលលោកឧត្តមសេនីយ៍ ប្រាយុទ្ធ មិនបានឈានដល់ដែនកំណត់ រយៈពេល ៨ឆ្នាំ នៃរដ្ឋធម្មនុញ្ញក្នុងអាណត្តិរបស់លោក ដែលគួរតែត្រូវបានរាប់ចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៧ នៅពេលដែលធម្មនុញ្ញបច្ចុប្បន្ន ចូលជាធរមាន។

លោក Jatuporn ឆ្លើយតបនឹងសាលក្រមចេញ ពីវេទិកានៅ Ratchaprasong ថា លោក ប្រាយុទ្ធ បានបំពេញអាណត្តិ របស់លោករួចហើយ ចាប់តាំងពីលោកបានចូលកាន់តំណែង នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៤ បន្ទាប់ពីបានដឹកនាំ រដ្ឋប្រហារយោធា។ លោក Jatuporn ក៏បានទទូចថា “របប 3Ps” ត្រូវតែត្រូវបានបញ្ឈប់។

3Ps សំដៅលើលោក ប្រាយុទ្ធ, ឧបនាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍ ប្រាវីដ វង្សស៊ូវ៉ុន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ អានុពង្ស ប៉ៅចិន្តា ។ អ្នកទាំងបីគឺជាអតីតអគ្គមេបញ្ជាការ នៃកងទ័ពភូមិន្ទថៃ និងជាបងប្អូនរួមអាវុធ តាំងពីជំនាន់ពួកគេជាមន្ត្រីជាន់ខ្ពស់មកម្លេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top