ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​ បញ្ឈប់​ការ​សម្លាប់​ពលរដ្ឋរបស់ខ្លួន នៅ​តំបន់ West Bank

រ៉ាម៉ាឡា៖ មន្ត្រីប៉ាឡេស្ទីន កាលពីថ្ងៃចន្ទបានអំពាវនាវ ឱ្យអ៊ីស្រាអែល បញ្ឈប់គោលនយោបាយ “គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ” របស់ខ្លួនក្នុងការសម្លាប់ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ West Bank ។

លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន បានធ្វើការកត់សម្គាល់បន្ទាប់ពីការសម្លាប់ ជនជាតិប៉ាឡេស្ទីនពីរនាក់ និងរបួសជនភៀសខ្លួន នៅក្នុងជំរុំជនភៀសខ្លួន Al-Jalazone នៅក្នុងទីក្រុង West Bank ភាគខាងជើង ទីក្រុងរ៉ាម៉ាឡា ។

លោកបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីប៉ាឡេស្ទីន ថ្កោលទោសការសម្លាប់ជនជាតិប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye កាលពីថ្ងៃចន្ទបានប្រាប់កិច្ចប្រជុំប្រចាំសប្តាហ៍ នៃគណៈរដ្ឋមន្ត្រីប៉ាឡេស្ទីន នៅទីក្រុងរ៉ាម៉ាឡា ថាអាជ្ញាធរប៉ាឡេស្ទីន បដិសេធការកើនឡើង នៃភាពតានតឹងរបស់អ៊ីស្រាអែល នៅតំបន់ West Bank ។

លោកបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធ្វើឱ្យកាន់តែធ្ងន់ធ្ងរ នៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមនុស្សប៉ាឡេស្ទីន ដែលជាការសម្លាប់យុវជនពីរនាក់ នៅក្នុងជំរុំជនភៀសខ្លួន Al-Jalazone ត្រូវបានច្រានចោល” ។

ក្រសួងការបរទេសប៉ាឡេស្ទីនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា “យើងថ្កោលទោស រដ្ឋាភិបាលអ៊ីស្រាអែលទាំងស្រុង និងទទួលខុសត្រូវដោយផ្ទាល់ ចំពោះឧក្រិដ្ឋកម្មនេះ” ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិ “បំបែកភាពស្ងៀមស្ងាត់របស់ខ្លួន ទាក់ទងនឹងឈាម និងការឈឺចាប់របស់ប៉ាឡេស្ទីន”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top