ព័ត៌មានអន្តរជាតិ

អ្នកប្រាជ្ញអាមេរិក​ ៖ ការលេចធ្លាយ បំពង់បង្ហូរឧស្ម័ន Nord Stream ទាមទារឲ្យមានការ ស៊ើបអង្កេតដោយស្មោះត្រង់

វ៉ាស៊ីនតោន ៖ អ្នកប្រាជ្ញអាមេរិកដ៏ល្បីល្បាញ និងជាទីប្រឹក្សាជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការ ស្តីបន្ទោសប្រទេសរុស្ស៊ី ចំពោះការលេច ធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream គឺ “មិនគួរឱ្យជឿខ្លាំងនោះទេ” ដោយអំពាវនាវ ឱ្យមានការស៊ើបអង្កេត ដោយស្មោះត្រង់ ។

លោក Jeffrey Sachs នាយកមជ្ឈមណ្ឌល សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នៃសាកលវិទ្យាល័យ Columbia បានប្រាប់កាសែតស៊ីនហួថា “ភស្តុតាង គឺពិតជាមិនពេញលេញនោះទេនៅដំណាក់កាលនេះ ប៉ុន្តែការប៉ុនប៉ង របស់សហរដ្ឋអាមេរិក ក្នុងការស្តីបន្ទោសប្រទេសរុស្ស៊ី គឺមិនគួរឱ្យជឿបំផុត យើងត្រូវការការ ស៊ើបអង្កេតដោយស្មោះត្រង់” ។

លោក​បាន​លើកឡើងថា ប្រទេស​រុស្ស៊ី និង​បណ្តា​ប្រទេស​ នៅ​អឺរ៉ុប ហាក់​ដូច​ជា​ជនរងគ្រោះ​ធំ ​ជាង​គេ ។ លោក Sachs ទីប្រឹក្សាពិសេស របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ បីរូបពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៨ និង បច្ចុប្បន្នជាប្រធានបណ្តាញ ដំណោះស្រាយអភិវឌ្ឍន៍ ដោយចីរភាពរបស់អង្គការ សហប្រជាជាតិ បានលើកឡើងថា “វាធ្វើឱ្យអឺរ៉ុប ពឹងផ្អែក លើសហរដ្ឋអាមេរិកកាន់តែច្រើន។ វាដកហូតប្រទេសរុស្ស៊ី ពីឧបករណ៍ចរចា សម្រាប់ការចរចា” ។

លោកបានបន្ដថា “នេះគឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដល់អឺរ៉ុប ក្នុងកម្រិតជាច្រើន” ដោយសារតែវាបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ យ៉ាងហោចណាស់ជាបណ្ដោះអាសន្ន និងប្រហែល ជាអចិន្ត្រៃយ៍ ហើយបានធ្វើឱ្យអឺរ៉ុប កាន់តែងាយរងគ្រោះទៅនឹងការផ្លាស់ប្តូរ សេដ្ឋកិច្ចដ៏ជ្រៅដោយសារ តែវិបត្តិថាមពល។

លោក Andrew Lipow ប្រធានក្រុមហ៊ុនប្រឹក្សាយោបល់ Lipow Oil Associates បានលើកឡើងថា ជាមួយនឹងតម្លៃថាមពលបន្តកើនឡើង ការចំណាយលើឧស្ម័នធម្មជាតិកាន់តែខ្ពស់ បណ្តាលឱ្យមានការបិទ ឧស្សាហកម្មសំខាន់ៗនៅក្នុងទ្វីបអឺរ៉ុប ជាពិសេសឧស្សាហកម្មជី ដែលចុងក្រោយនឹងប្រែក្លាយទៅជាការកើនឡើងថ្លៃម្ហូបអាហារ និងឧស្សាហកម្មដែលរងផល ប៉ះពាល់ដូចជា ដែកថែប អាលុយមីញ៉ូម ស័ង្កសី ស៊ីម៉ងត៍ កញ្ចក់ និងរថយន្ត ។

អាល្លឺម៉ង់ ស៊ុយអែត និងដាណឺម៉ាក នៅតែកំពុងស៊ើបអង្កេតប្រភពដើម នៃអ្វីដែលហាក់ដូចជាការបំផ្លិចបំផ្លាញ ដោយចេតនានៃបំពង់បង្ហូរឧស្ម័ន Nord Stream ដែលសាងសង់ឡើង ដើម្បីបញ្ជូនឧស្ម័នធម្មជាតិរបស់រុស្ស៊ី ទៅកាន់អឺរ៉ុប ដែលបណ្តាលឱ្យមានការផ្ទុះ និងការលេចធ្លាយឧស្ម័នគ្រោះថ្នាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top