ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃសៅរ៍ ដើម្បីពង្រឹងវិធានការការពារការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Kerch បណ្តាញអគ្គិសនីតភ្ជាប់គ្រីមៀ និងបំពង់បង្ហូរឧស្ម័នសំខាន់ទៅកាន់ឧបទ្វីប។

ក្រឹត្យដែលចេញផ្សាយដោយវិមានក្រឹមឡាំង បានឲ្យដឹងថា លោក ពូទីន បានអនុញ្ញាតឱ្យសេវាសន្តិសុខសហព័ន្ធរុស្ស៊ីរៀបចំ និងសម្របសម្រួលវិធានការ ដើម្បីការពារកន្លែងទាំងនេះប្រកបដោយប្រសិទ្ធភាព។
នៅព្រឹកថ្ងៃសៅរ៍នេះ ការបំផ្ទុះដ៏សាហាវមួយបានវាយប្រហារលើស្ពានគ្រីមៀ ចម្ងាយ ១៩គីឡូម៉ែត្រ ដែលមានផ្លូវពីរស្របគ្នា សម្រាប់រថយន្ត និងរថភ្លើងឆ្លងកាត់ច្រកសមុទ្រ Kerch នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ឡានដឹកទំនិញមួយបានផ្ទុះនៅលើស្ពានផ្លូវ ដែលបណ្តាលឱ្យធុងប្រេងចំនួន ៧ធុងនៃរថភ្លើងដែលធ្វើដំណើរទៅកាន់ឧបទ្វីបគ្រីមៀ ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ ក្នុងនោះមនុស្ស ៣នាក់បានស្លាប់នៅក្នុងការបំផ្ទុះនេះ ដែលនាំឱ្យមានការដួលរលំផ្នែកខ្លះនៃស្ពាន ដែលមានផ្លូវពីរនោះ។
ប្រធានតំបន់គ្រីមៀ លោក Sergei Aksyonov បានលើកឡើងថា ចរាចរណ៍បានបើកឡើងវិញចំពោះរថយន្ត និងឡានក្រុង ជាមួយនឹងនីតិវិធីត្រួតពិនិត្យពេញលេញមួយដែលត្រូវការ ខណៈពេលដែលរថយន្តដឹកទំនិញនៅតែតម្រូវឱ្យឆ្លងកាត់ច្រកសមុទ្រ Kerch ដោយសាឡាង។
យោងតាមឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Marat Khusnullin បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ សេវាកម្មផ្លូវដែកនៅលើស្ពាននេះត្រូវបានស្តារឡើងវិញទាំងស្រុង ហើយរថភ្លើងដែលបានកំណត់ពេលទាំងអស់ ទាំងអ្នកដំណើរ និងទំនិញនឹងអាចឆ្លងកាត់ផ្លូវនេះបាន៕
ប្រែសម្រួល ឈូក បូរ៉ា
