ព័ត៌មានអន្តរជាតិ

ជប៉ុន និងម៉ាឡេស៊ី ព្រមព្រៀងសហការ​គ្នាដោះស្រាយ​ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន និងម៉ាឡេស៊ី បានព្រមព្រៀងគ្នាថា នឹងធ្វើការយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

រដ្ឋមន្ត្រីការបរទេសលោក Yoshimasa Hayashi បានប្រាប់សន្និសីទសារព័ត៌មានរួមថា “ការបាញ់មីស៊ីលផ្លោងញឹកញាប់ (ដោយកូរ៉េខាងជើង) បានបង្កឱ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងជិតមកដល់ចំពោះសន្តិសុខរបស់ប្រទេសជប៉ុន និងតំបន់ជុំវិញ និងជាបញ្ហាប្រឈមច្បាស់លាស់ និងធ្ងន់ធ្ងរដល់សហគមន៍អន្តរជាតិ” បន្ទាប់ពីជួបជាមួយសមភាគីម៉ាឡេស៊ី Saifuddin Abdullah នៅទីក្រុងកូឡាឡាំពួរ។

នៅក្នុង​ទង្វើ​បង្កហេតុ​ចុងក្រោយ​របស់ខ្លួន កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ផ្លោង​ពីរ​គ្រាប់​ចូល​សមុទ្រ​ជប៉ុន កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្ដែក្រុងព្យុងយ៉ាង បានអះអាងថា ជាការការពារខ្លួន និងគ្មានការគំរាមកំហែងនោះទេ។

ចាប់តាំងពីដើមឆ្នាំនេះមក ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួចចំនួន ២៥ដង រួមទាំងកាំជ្រួចនាំផ្លូវ ដែលសង្ស័យផងដែរ។ កាលពីថ្ងៃអង្គារ ប្រទេសនេះ បានបាញ់បង្ហោះមីស៊ីលផ្លោងឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ហួសពីប្រជុំកោះជប៉ុន ជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល ៥ឆ្នាំ ដែលធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

សកម្មភាពនេះស្របពេលជាមួយនឹងការកើនឡើងនូវរបាយការណ៍ដែលថា កូរ៉េខាងជើងកំពុងរៀបចំ សម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកទី៧ របស់ខ្លួន ដែលជាលើកទីមួយចាប់តាំងពីខែកញ្ញាឆ្នាំ២០១៧ ។

ជាមួយនឹងប្រទេសជប៉ុន និងប្រទេសដទៃទៀតដែលព្រួយបារម្ភ ចំពោះការអះអាងដែនសមុទ្ររបស់ចិននៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង លោក Hayashi បានអំពាវនាវឱ្យមានការគាំទ្រដើម្បីសម្រេចបាននូវឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដោយសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះការប៉ុនប៉ងឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពនៅក្នុងតំបន់។

នៅមុនខួបលើកទី៥០ នៅឆ្នាំក្រោយនៃការចាប់ផ្តើមទំនាក់ទំនងរបស់ខ្លួនជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ប្រទេសជប៉ុន កំពុងខិតខំប្រឹងប្រែង ដើម្បីបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយសមាជិកអាស៊ាន រួមទាំងម៉ាឡេស៊ីផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top