ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន ចោទអ៊ុយក្រែន ពីបទវាយប្រហារ ស្ពានតភ្ជាប់ឧបទ្វីបគ្រីមៀ ថាជាអំពើភេរវកម្ម

គៀវ ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចោទប្រកាន់ អ៊ុយក្រែន ពីបទរៀបចំអ្វី ដែលលោកហៅថា ជាការវាយប្រហារ ភេរវកម្មលើស្ពានសំខាន់ដ៏មួយ ដែលតភ្ជាប់ប្រទេសរុស្ស៊ី និងឧបទ្វីបគ្រីមៀ ខណៈដែលលោកបានរៀបចំ កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខរបស់លោក នៅថ្ងៃចន្ទនេះ ។ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។

លោក ពូទីន បានថ្លែងកាលពីថ្ងៃអាទិត្យនៅក្នុងវីដេអូមួយ នៅលើប៉ុស្តិ៍ Telegram របស់វិមានក្រឹមឡាំងថា “គ្មានអ្វីគួរឱ្យសង្ស័យនោះទេ ។ នេះគឺជាអំពើភេរវកម្ម ដែលមានគោលបំណងបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់” ។

“នេះត្រូវបានបង្កើត អនុវត្ត និងបញ្ជាដោយសេវាកម្ម ពិសេសរបស់អ៊ុយក្រែន” ។

លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខ បានលើកឡើងនៅមុនកិច្ចប្រជុំនៅថ្ងៃចន្ទនេះថា រុស្ស៊ីគួរតែសម្លាប់ “ភេរវករ” ដែលទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ ។

លោកត្រូវបានដកស្រង់ សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass ដែលបាន លើកឡើងដូច្នេះថា “រុស្ស៊ីអាចឆ្លើយតបបាន តែចំពោះឧក្រិដ្ឋកម្មនេះ ដោយការសម្លាប់ភេរវករដោយផ្ទាល់ ក៏ដូចជាទំនៀម ទម្លាប់នៅកន្លែងផ្សេងទៀត នៅលើពិភពលោក ។ នេះជាអ្វីដែលពលរដ្ឋរុស្ស៊ីរំពឹងទុកដូច្នេះ” ។

ការបំផ្ទុះកាលពីថ្ងៃសៅរ៍ នៅលើស្ពានឆ្លងកាត់ច្រកសមុទ្រ Kerch ដែលជាផ្លូវផ្គត់ផ្គង់ ដ៏សំខាន់ សម្រាប់កងកម្លាំងរបស់ទីក្រុងម៉ូស្គូ នៅភាគខាងត្បូងអ៊ុយក្រែន បានជំរុញឱ្យមានសារ រីករាយពីមន្ត្រីអ៊ុយក្រែន ប៉ុន្តែមិនមានការអះអាង ទទួលខុសត្រូវឡើយ ។

ស្ពាននេះក៏ជាសរសៃឈាម ដ៏សំខាន់សម្រាប់កំពង់ផែ Sevastopol ជាកន្លែងដែលកងនាវាចរ សមុទ្រខ្មៅរបស់រុស្ស៊ី មានមូលដ្ឋាន ក៏ដូចជានិមិត្តសញ្ញាដ៏រឹងមាំ នៃការបញ្ចូលឧបទ្វីបគ្រីមៀ ឆ្នាំ២០១៤ របស់រុស្ស៊ីផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top