ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ៖ ក្រុងហុងកុង អាចប្រឈមនឹងការខូចឈ្មោះ បើសិនផ្តល់ជម្រកដល់ សម្ព័ន្ធមិត្តរបស់លោក ពូទីន ដើម្បីគេចចេញ ពីការដាក់ទណ្ឌកម្មនោះ

ហុងកុង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ ទីក្រុងហុងកុង អាចបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ប្រសិនបើខ្លួនផ្តល់ ជម្រកដល់អ្នកគេចពីការដាក់ទណ្ឌកម្ម ។ សហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃសៅរ៍ បន្ទាប់ពីទីក្រុងនេះ បានឲ្យដឹងថា ខ្លួននឹងមិនធ្វើសកម្មភាព ប្រឆាំងនឹងនាវាទំនើបមួយ ដែលត្រូវបានគេរាយការណ៍ថា ជាកម្មសិទ្ធិរបស់សម្ព័ន្ធ មិត្តវិមានក្រឹមឡាំងនោះទេ ។

The Nord ដែលកប៉ាល់ប្រណីតតម្លៃ ១៤២លានដុល្លារអាមេរិក ដែលមានទំនាក់ទំនង ជាមួយមហាសេដ្ឋីរុស្ស៊ី Alexei Mordashov បានមកដល់ដែនទឹករបស់ចិន នៅក្នុងសប្តាហ៍នេះ ។

គេបានដឹងថា លោក Mordashov ស្ថិតក្នុងចំណោមមហាសេដ្ឋីដែលស្និទ្ធ នឹងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ហើយត្រូវបានគេកំណត់គោលដៅ ដោយការដាក់ទណ្ឌកម្ម របស់លោកខាងលិច បន្ទាប់ពីការឈ្លានពានរបស់ក្រុង ម៉ូស្គូមកលើអ៊ុយក្រែន ។

ពួកគេខ្លះមានទូកទេសចរណ៍ ប្រណីតរបស់ពួកគេរឹបអូសនៅកន្លែង ដូចជាអេស្ប៉ាញ និងហ្វីជី ប៉ុន្តែក្រុងហុងកុងបានឲ្យដឹង កាលពីថ្ងៃសុក្រថា ខណៈដែលខ្លួនអនុវត្តទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ វាមិនអាចអនុវត្តការដាក់ទណ្ឌកម្ម “ឯកតោភាគី” ដោយប្រទេស ឬប្លុកនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP ជាការឆ្លើយតបថា “ការប្រើប្រាស់ទីក្រុងហុងកុង ដែលអាចមានជាជម្រក សុវត្ថិភាព ដោយបុគ្គលដែលគេចចេញពីទណ្ឌកម្ម ពីដែនសមត្ថកិច្ចជាច្រើន បានចោទសួរបន្ថែមអំពីតម្លាភាព នៃបរិយាកាសអាជីវកម្ម” ។

“កេរ្តិ៍ឈ្មោះរបស់ហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស្រ័យ ទៅលើការប្រកាន់ខ្ជាប់នូវច្បាប់ និងស្តង់ដារអន្តរជាតិ” ។

កប៉ាល់ដែលជាកម្មសិទ្ធិ របស់អ្នកជិតស្និទ្ធនឹងលោក ពូទីន បានក្លាយជាគោលដៅសម្រាប់ សម្ព័ន្ធមិត្តលោកខាងលិច របស់អ៊ុយក្រែនដែលកំពុង តាមប្រមាញ់ទ្រព្យសម្បត្តិ របស់ឥស្សរជន ដែលត្រូវបានដាក់ទណ្ឌកម្ម ខណៈដែលពួកគេស្វែងរកការដាក់ ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ចំពោះការឈ្លានពានមក លើអ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top