ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរសមស្រប ដើម្បីទទួលបានផលប្រយោជន៍

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា អ៊ីរ៉ង់ កំពុងស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរសមស្រប ដែលនឹងធានាផលប្រយោជន៍របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងកម្មវិធីទូរទស្សន៍រដ្ឋ ដោយសំដៅលើការទាមទាររបស់អ៊ីរ៉ង់ ក្នុងការឈានដល់កិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។

លោកបានកត់សម្គាល់ថា “គោលដៅរបស់យើងក្នុងការចរចា គឺដើម្បីសម្រេចបាន នូវកិច្ចព្រមព្រៀងដ៏ល្អ និងស្ថិរភាព ហើយនៅពេលដែលយើងរក្សា JCPOA យើងត្រូវតែមានកម្រិតនៃការធានាដែលអាចទុកចិត្តបាន” ។

 អ្នកការទូតកំពូលអ៊ីរ៉ង់ ក៏បានសង្កត់ធ្ងន់ថា នៅក្នុងកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ រួមជាមួយនឹងនិយមន័យច្បាស់លាស់នៃការប្តេជ្ញាចិត្ត ការដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ក៏គួរត្រូវបានគូសបញ្ជាក់យ៉ាងច្បាស់ផងដែរ។

 ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។  

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានចាកចេញពីកិច្ចព្រមព្រៀងនេះ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញលើទីក្រុងតេអេរ៉ង់ ក្នុងឆ្នាំ២០១៨ ដែលជំរុញឱ្យភាគីចុងក្រោយទម្លាក់ការ ប្តេជ្ញាចិត្តមួយចំនួននៅក្រោមកតិកាសញ្ញានេះ៕

To Top