ព័ត៌មានអន្តរជាតិ

អគ្គិភ័យទ្រង់ទ្រាយធំ បានឆាបឆេះខ្សែរថភ្លើង និងផ្ទះជាច្រើនខ្នង នៅភាគកណ្តាលម៉ិកស៊ិក

ម៉ិកស៊ិក៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ថា អគ្គីភ័យដ៏ធំមួយបានឆាបឆេះខ្សែរថភ្លើង និងផ្ទះជាច្រើនខ្នងនៅក្រុង Aguascalientes ភាគកណ្តាលនៃប្រទេសម៉ិកស៊ិក បន្ទាប់ពីរថយន្តដឹកប្រេងបានបុក ។

ខ្សែវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលនៃ អគ្គីភ័យបានរីករាលដាល នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងការបាញ់ពីលើអាកាស នៃផ្សែងខ្មៅគ្របដណ្តប់តំបន់ ដ៏ធំមួយនៃទីក្រុង ។ វីដេអូមួយបានបង្ហាញពីរថភ្លើង ដឹកទំនិញមួយកំពុងឆេះ យ៉ាងសន្ធោសន្ធៅ ។

គេហទំព័រ El Universal របស់ប្រទេសម៉ិកស៊ិក បានឲ្យដឹងថា មនុស្សជាង ១.៥០០នាក់ ត្រូវបានជម្លៀសចេញ ។ ផ្ទះ និងរថយន្តមួយចំនួនត្រូវភ្លើងឆាបឆេះ ។

មិនមានរបាយការណ៍ពីការស្លាប់នោះទេ ប៉ុន្តែមនុស្សជាច្រើននាក់ត្រូវបាន គេបញ្ជូនទៅមន្ទីរពេទ្យ ។

ប៉ូលិសបានឃាត់ខ្លួន អ្នកបើកបររថយន្ត ។

ការបង្ហោះលើបណ្តាញសង្គម Facebook របស់អភិបាលក្រុង Leo Montañez បានថ្លែងអំពីផ្ទះចំនួន ៣០០ខ្នង នៅតំបន់ដែលបុក ក្នុងនោះ ១២០ខ្នងត្រូវបានខូចខាត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top