ព័ត៌មានអន្តរជាតិ

តួកគី ច្រានចោលការចោទប្រកាន់ ដែលថាខ្លួនបានប្រើអាវុធគីមី ក្នុងប្រទេសអ៊ីរ៉ាក់

អង់ការ៉ា៖ តួកគី បានច្រានចោលការអះអាង របស់គណបក្សពលករឃឺដ (PKK) កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងប្រដាប់អាវុធតួកគី បានប្រើប្រាស់អាវុធគីមី នៅក្នុងប្រតិបត្តិការនាពេលថ្មីៗនេះ របស់ខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ក្រសួងការពារជាតិតួកគី បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់ថា អាវុធគីមីត្រូវបានប្រើប្រាស់ ដោយកងកម្លាំងប្រដាប់អាវុធតួកគី ត្រូវបាននាំយកមកក្នុងរបៀបវារៈ ជាប្រចាំដោយមជ្ឈដ្ឋាន ដែលចង់ធ្វើឱ្យខូចដល់ការប្រយុទ្ធ របស់តួកគីប្រឆាំងនឹងអំពើភេរវកម្ម។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការចោទប្រកាន់ទាំងនេះមានគោលបំណង “ដាក់ស្រមោលលើភាពជោគជ័យ នៃកងកម្លាំងប្រដាប់អាវុធតួកគី ហើយគ្មានមូលដ្ឋានទាំងស្រុង និងមិនប្រាកដនិយម”។

ក្រសួងបានឲ្យដឹងទៀតថា កងកម្លាំងប្រដាប់អាវុធតួកគី មិនប្រើប្រាស់គ្រាប់រំសេវ ដែលត្រូវបានហាមឃាត់ដោយច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិនោះទេ ដោយក្រសួងបានអះអាងថា កងទ័ពមិនមានគ្រាប់រំសេវប្រភេទនេះ នៅក្នុងសារពើភ័ណ្ឌរបស់ខ្លួន។

អនុប្រធានក្រុមគណបក្ស ប្រជាធិបតេយ្យប្រជាជនឃឺដ (HDP) លោកស្រី Meral Danis Bestas បានជំរុញឱ្យសភាទទួលខុសត្រូវ ចំពោះការស៊ើបអង្កេតការចោទប្រកាន់នេះ។

លោក​ស្រី​បន្ត​ថា រូបភាព ការ​ចោទ​ប្រកាន់ និង​វីដេអូ​អំពី​ការ​ប្រើ​ប្រាស់​សារធាតុ​គីមី ​ក្នុង​ប្រតិបត្តិការ​ឆ្លង​ដែន​ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ។ លោកស្រីបានឲ្យដឹងនៅក្នុង សម័យប្រជុំសភាកាលពីថ្ងៃពុធថា “គណៈកម្មការកិច្ចការបរទេស គួរតែធ្វើការស៊ើបអង្កេត” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top