ព័ត៌មានអន្តរជាតិ

អតីតប្រធាន CIA ថា អាមេរិកអាចចូលអន្តរាគមន៍ ដោយផ្ទាល់ ក្នុងជម្លោះអ៊ុយក្រែន

បរទេស៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាចនឹងធ្វើអន្តរាគមន៍ដោយផ្ទាល់ នៅក្នុងជម្លោះដែលកំពុងបន្តរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និង រដ្ឋាភិបាលទីក្រុងគៀវ បើទោះបីជាគ្មានការគំរាមកំហែង ដល់រដ្ឋសមាជិកណាតូក៏ដោយ។ នេះតាម ឧត្តមសេនីយ៍កងទ័ពអាមេរិក ចូលនិវត្តន៍ លោក David Petraeus បានប្រាប់កាសែត L’Express ប្រចាំសប្តាហ៍របស់ប្រទេសបារាំងកាលពីថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Petraeus ដែលធ្លាប់បម្រើការជានាយក CIA មួយរយៈពេលខ្លីផងដែរនោះជឿថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងបង្កើតសម្ព័ន្ធភាពថ្មី នៃឆន្ទៈនៅក្នុងសេណារីយ៉ូបែបនេះ ហើយប្រើវាជំនួសឱ្យអង្គការណាតូ ។

លោកបាននិយាយថា រុស្ស៊ីអាចចាត់វិធានការមួយចំនួននៅក្នុងអ៊ុយក្រែនដែលនឹង “គួរឱ្យតក់ស្លុត និងគួរឱ្យរន្ធត់ណាស់” ដែលវានឹងជំរុញឱ្យមានការឆ្លើយតប ពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដោយលោកបានបន្ថែមថា ពួកគេអាច “មានប្រតិកម្មក្នុងមធ្យោបាយមួយ ឬមួយផ្សេងទៀត ប៉ុន្តែជាកម្លាំងចម្រុះជាតិសាសន៍ ដឹកនាំ​ដោយ​អាមេរិក ហើយ​មិន​មែន​ជា​កម្លាំង​ណាតូ​ទេ»។

អតីតប្រធាន CIA រូបនេះបន្ថែមថា សម្ព័ន្ធភាពយោធានៅតែទំនងជាត្រូវបានចងភ្ជាប់ ដោយសន្ធិសញ្ញារបស់ខ្លួន ហើយនឹងចូលរួមជម្លោះប្រសិនបើមាត្រា ៥ ត្រូវបានប្រើ ពោលគឺប្រសិនបើសមាជិកម្នាក់ ក្នុងចំណោមសមាជិករបស់ខ្លួន ត្រូវបានវាយប្រហារ។ លោក Petraeus ក៏បាននិយាយផងដែរថា ទីក្រុងមូស្គូមិនចាប់អារម្មណ៍ លើការបង្កើនជម្លោះ និងប្រែក្លាយវាទៅជាសង្រ្គាមពិភពលោកនោះទេ។ លោកបានបន្ថែមថា ជម្លោះកាន់តែទូលំទូលាយគឺជា “រឿងចុងក្រោយ” ដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ត្រូវការនៅពេលនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top