ព័ត៌មានអន្តរជាតិ

អធិកាបតីអាល្លឺម៉ង់ ប្តេជ្ញាចិត្តជួយកសាង អ៊ុយក្រែនឡើងវិញ

បរទេស៖ យោងតាមការព្យាករណ៍មួយ ដែលត្រូវធ្វើឡើងដោយសហភាពអឺរ៉ុប EU និងរដ្ឋាភិបាលអ៊ុយក្រែន កាលពីខែកន្លងទៅបានបង្ហាញថាប្រទេសអ៊ុយក្រែន ទំនងជានឹងត្រូវថវិកាយ៉ាងហោចណាស់ ៣៤៩ពាន់លានដុល្លារ ដើម្បីអាចកសាងប្រទេសជាតិឡើងវិញបាន។

ថ្លែងទៅកាន់អង្គប្រជុំមួយ នៃកម្មវិធីសំភោធដាក់ឲ្យ ប្រើប្រាស់វេទិកាអាជីវកម្មរវាងអ៊ុយក្រែន និងអាល្លឺម៉ង់ នាទីក្រុងប៊ែរឡាំង កាលពីថ្ងៃម្សិលមិញ នេះលោកអធិកាបតីអាល្លឺម៉ង់ Olaf Scholz បានសន្យា និងប្តេជ្ញាចិត្តក្នុងការកសាង ប្រទេសអ៊ុយក្រែនឡើងវិញ ដែលរួមមានទាំងជំនួយលើ វិស័យកសិកម្មសុខភាព និងការស្តារប្រព័ន្ធថាមពល ក្នុងប្រទេសផងដែរ។

លោក Scholz បានថ្លែងបែបនេះថា៖ ពួកយើងទាំងអស់គ្នាជាមួយនឹង គ្រប់ដៃគូនឹងគាំទ្រដល់អ៊ុយក្រែន រហូតដល់អស់ពេលចាំបាច់។ អ៊ុយក្រែនត្រូវការងើបឡើងវិញ និងកសាងប្រទេសឡើងវិញ។

ទោះបីជាយ៉ាងណាក្តីថ្មីៗ ចុងក្រោយនេះនាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmyhal បានធ្វើការព្យាករណ៍ សាជាថ្មីម្តងទៀតថា អ៊ុយក្រែននឹងត្រូវ ការកញ្ចប់ថវិកាសរុបដលល់ទៅ ៧៥០ពាន់លានដុល្លារ ដើម្បីកសាងប្រទេសជាតិឡើងវិញ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top