ព័ត៌មានអន្តរជាតិ

អាស៊ាន យល់​ព្រម​ស្វែងរក​ការ​ឯកភាព​គ្នា ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ណា​មួយ ​ដែល​ទាក់​ទង​នឹង​មីយ៉ាន់ម៉ា

ហ្សាកាតា ៖ រដ្ឋមន្ត្រីការបរទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានយល់ព្រម ដើម្បីស្វែងរកការមូលមតិគ្នា ក្នុងការសម្រេចចិត្តណាមួយ ដើម្បីដោះស្រាយអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់យោធា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១ ។

សេចក្តីថ្លែងការណ៍របស់ប្រធានមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំពិសេស រយៈពេលកន្លះថ្ងៃរបស់ពួកគេ នៅទីក្រុងហ្សាកាតា បានឲ្យដឹងថា “កិច្ចប្រជុំបានព្រមព្រៀងជា ឯកច្ឆ័ន្ទថាការសម្រេចចិត្តនៅក្នុងអាស៊ាន ត្រូវផ្អែកលើការពិគ្រោះយោបល់ និងការឯកភាព ដើម្បីដោះស្រាយស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា” ។

ទោះជាយ៉ាងណាក៏ដោយ ពួកគេបានគូសបញ្ជាក់អំពីតម្រូវការ ក្នុងការពង្រឹងបន្ថែមទៀត នូវការអនុវត្តនូវអ្វីដែលហៅថា ការឯកភាព ៥ចំណុច ដែលសំដៅលើការបញ្ចប់ អំពើហិង្សាលើគូប្រជែង នយោបាយរបស់របបយោធា និងក្រុមបាតុករស៊ីវិល “តាមរយៈសកម្មភាពជាក់ស្តែង និងពេលវេលា”។

អាស៊ាន បាន​ដាក់​ចេញ​ជា​យូរ​មក​ហើយ​នូវ​គោល នយោបាយ​មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង ​របស់​សមាជិក​ខ្លួន ប៉ុន្តែអង្គការសិទ្ធិមនុស្ស និងប្រទេសផ្សេងទៀត បានអំពាវនាវឱ្យក្រុមនេះគិតឡើងវិញ នូវគោលនយោបាយ និងចាត់វិធានការ កាន់តែខ្លាំងប្រឆាំងនឹងមីយ៉ាន់ម៉ា។

ឥណ្ឌូណេស៊ី និងសិង្ហបុរី បានជំរុញយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូលប្រទេសសមាជិកផ្សេងទៀត ឱ្យរារាំងប្រទេសមីយ៉ាន់ម៉ា ក្នុងគ្រប់វិស័យ មិនត្រឹមតែក្នុងវិស័យ នយោបាយប៉ុណ្ណោះទេ យោងតាមប្រភពអាស៊ាន ខណៈ ដែលប្រទេសផ្សេង ទៀតបានអះអាងថា សកម្មភាពបែបនេះនឹង ធ្វើឱ្យប៉ះពាល់ដល់ការយល់ស្រប និងគោលនយោបាយមិនជ្រៀតជ្រែក របស់អាស៊ានដែលមានអាយុ ៥៥ ឆ្នាំ។

កិច្ចប្រជុំដែលស្នើឡើងដោយប្រទេស ឥណ្ឌូនេស៊ី និងដឹកនាំដោយកម្ពុជា ក៏បានពិភាក្សាអំពី “អនុសាសន៍សំខាន់ៗ” ដែលត្រូវដាក់ជូនមេដឹកនាំរបស់ពួកគេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំនៅខែក្រោយ នៅទីក្រុងភ្នំពេញ នេះបើយោងតាមសេចក្តីថ្លែងការណ៍៕

To Top