បរទេស៖ រដ្ឋាភិបាលទីក្រុងសេអ៊ូលមិនបានផ្តល់ជំនួយ សព្វាវុធធុនធ្ងន់ដល់អ៊ុយក្រែននោះទេ, នេះបើតាមប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយនៅថ្ងៃសុក្រ បន្ទាប់ពីការកត់សម្គាល់ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន ដែលបាននិយាយថា ការគម្រោងផ្តល់អាវុធបែបនេះ នឹងប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី ជាមួយកូរ៉េខាងត្បូង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងត្បូងបានប្រាប់អ្នកយកព័ត៌មានថា “យើងបានផ្តល់ជំនួយមនុស្សធម៌ និងសន្តិភាពដល់អ៊ុយក្រែន ប៉ុន្តែមិនដែលផ្តល់ជាអាវុធធុនធ្ងន់ណាមួយនោះទេ ។ វាជាបញ្ហាអធិបតេយ្យភាព ហើយយើងកំពុងព្យាយាមរក្សាទំនាក់ទំនងសន្តិភាព ជាមួយប្រទេសទាំងអស់ជុំវិញពិភពលោក រួមទាំងរុស្ស៊ីផងដែរ”។
លោក ពូទីន ប្រធានាធិបតីរុស្ស៊ី បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា តាមដែលរុស្ស៊ីបានដឹង គឺរដ្ឋាភិបាលទីក្រុងសេអ៊ូល “បានសម្រេចចិត្តផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវដល់អ៊ុយក្រែន” ដោយបន្ថែមថា ការសម្រេចចិត្តបែបនេះនឹងធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែយ៉ាប់យ៉ឺន៕ ប្រែសម្រួលៈ ណៃ តុលា