ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន អំពាវនាវឲ្យ មានការបញ្ឈប់កម្មវិធី អាវុធនុយក្លេអ៊ែរ របស់អ៊ីស្រាអែល

រ៉ាម៉ាឡា៖ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad al-Maliki កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យបញ្ឈប់ និងបំផ្លាញកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីស្រាអែល ដើម្បីបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Al-Maliki បានធ្វើការអំពាវនាវ ជាការឆ្លើយតបទៅនឹង ការអនុម័តដោយគណៈកម្មាធិការទីមួយ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៃដំណោះស្រាយ ដែលបានដាក់ជូន ដោយអេហ្ស៊ីបជំរុញឱ្យអ៊ីស្រាអែល បោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន។

ដោយស្វាគមន៍ការអនុម័ត ដំណោះស្រាយនេះ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន បានលើកឡើងថា “អ៊ីស្រាអែល មានកាតព្វកិច្ចកំណត់កម្មវិធីរបស់ខ្លួន ដែលត្រូវត្រួតពិនិត្យដោយ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ព្រោះវាជាភាគីតែមួយគត់ នៅមជ្ឈិមបូព៌ា ដែលមានអាវុធប្រល័យលោក ជាពិសេស​អាវុធ​នុយក្លេអ៊ែរ” ។

លោក​បាន​បន្ត​ថា វា​ជា​ការ​ចាំបាច់​ដែល​អ៊ីស្រាអែល ​ត្រូវ​តែ​គោរព​តាម​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃចន្ទថា គណៈកម្មាធិការទីមួយនៃ មហាសន្និបាតអង្គការសហប្រជាជាតិ បានសម្រេចតាមរយៈការបោះឆ្នោត ១៥២-៥ ថាអ៊ីស្រាអែលគួរតែបំផ្លាញ អាវុធនុយក្លេអ៊ែររបស់ខ្លួនចោល។

នៅក្នុងនោះដែរ ដំណោះស្រាយដែលដាក់ជូនដោយអេហ្ស៊ីប និងគាំទ្រដោយហ្ស៊កដានី ម៉ារ៉ុក អាជ្ញាធរប៉ាឡេស្ទីន និងបារ៉ែនក៏បានអំពាវនាវឱ្យអ៊ីស្រាអែល ដាក់ទីតាំងនុយក្លេអ៊ែររបស់ខ្លួន នៅក្រោមការត្រួតពិនិត្យរបស់ IAEA ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top