ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ លក្ខខណ្ឌចាំបាច់ជាច្រើនទៀត អាចកើតឡើង សម្រាប់ការចរចាបញ្ចប់ សង្គ្រាមអ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថា “លក្ខខណ្ឌចាំបាច់” មួយចំនួនទៀតអាចកើតឡើង និងជំរុញការចរចា ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

លោក ពូទីន បានឲ្យដឹងថា វាអាចចាប់ផ្តើមឡើងវិញ នូវកិច្ចចរចាសន្តិភាព ដែលជាប់គាំងរវាងប្រជាជាតិនានា ប៉ុន្តែបានសម្តែងការខកចិត្តដែលអ៊ុយក្រែន “បដិសេធមិនពិភាក្សាអ្វីទាំងអស់” ជាមួយរុស្ស៊ី បន្ទាប់ពីការផ្អាកនាពេលថ្មីៗនេះ របស់ទីក្រុងមូស្គូនៃកិច្ចព្រមព្រៀង អនុញ្ញាតឱ្យការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែន។

កាលពីខែកក្កដា រុស្ស៊ីបានយល់ព្រមបញ្ចប់ ការបិទផ្លូវសមុទ្រខ្មៅរបស់ខ្លួន លើការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ បន្ទាប់ពីការចរចាជាមួយអ៊ុយក្រែន ដែលត្រូវបានឈ្មួញកណ្តាល ដោយអង្គការសហប្រជាជាតិ (យូអិន) និងតួកគី ។ កិច្ចព្រមព្រៀងនេះត្រូវបាន បំបែកកាលពីចុងសប្តាហ៍ បន្ទាប់ពីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែន ក្នុងការវាយប្រហារលើនាវាចម្បាំងរុស្ស៊ី នៅឧបទ្វីបគ្រីមៀ។

ប្រធានាធិបតីរុស្ស៊ី បានទទូចក្នុងអំឡុងសន្និសីទ សារព័ត៌មាននៅទីក្រុង Sochi ថា “ឆន្ទៈល្អ” របស់រុស្ស៊ីទាក់ទងនឹងបំណងប្រាថ្នា របស់ខ្លួនក្នុងការបញ្ចប់ សង្រ្គាមនៅអ៊ុយក្រែនគឺ “លើសពីការសង្ស័យណាមួយ” លោកពូទីន បានស្តីបន្ទោសអ៊ុយក្រែន ចំពោះការបោះចោល កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ “ទៅក្នុងធុងសំរាម” ។

លោកបានបន្ដថា “យើងបានឈានដល់កិច្ចព្រមព្រៀង ជាមួយពួកគេនៅអ៊ីស្តង់ប៊ុល ប៉ុន្តែពួកគេបានបោះវាទាំងអស់ ទៅក្នុងធុងសំរាម” ។ “ហើយឥឡូវនេះពួកគេបដិសេធមិន ពិភាក្សាអ្វីជាមួយយើង។ តើយើងអាចនិយាយអំពីកិច្ចព្រមព្រៀង ដែលអាចកើតមានបាន ដោយរបៀបណា ប្រសិនបើភាគីម្ខាងទៀតមិនមាន បំណងចង់និយាយជាមួយយើង? បាទ យើងអាចរង់ចាំបាន” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top