ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ចាប់ផ្តើមនាំចេញ គ្រាប់ធញ្ញជាតិឡើងវិញ ខណៈដែលរុស្ស៊ី បានយល់ព្រមចូលរួមអនុវត្តន៍ តាមកិច្ចព្រមព្រៀងក្រោមការ សម្របសម្រួលពី UN និងតួកគី

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថា ការនាំចេញគ្រាប់ធញ្ញជាតិពី អ៊ុយក្រែនបានបន្តធ្វើឡើងនៅថ្ងៃពុធនេះ ខណៈដែលរុស្ស៊ីបានបញ្ជាក់ថា ខ្លួនកំពុងចូលរួមក្នុងកិច្ចព្រមព្រៀង ដែលសម្របសម្រួល ដោយអង្គការសហប្រជាជាតិ (UN) និងតួកគី ដើម្បីបង្កើតច្រករបៀងសមុទ្រខ្មៅ ដែលមានសុវត្ថិភាព ។

លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានប្រាប់ដល់សភាថា “ការដឹកជញ្ជូននឹងបន្តចាប់ពីម៉ោង ១២និង០០នាទី ត្រូវនឹងម៉ោង៩ព្រឹក ម៉ោងសកលថ្ងៃនេះតាមការគ្រោងទុក” បន្ទាប់ពីការហៅទូរស័ព្ទចូល រវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងតួកគី នោះ ។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ខ្លួនកំពុងបន្តការចូលរួម ដោយបានលើកឡើងថា ខ្លួនបានទទួលការធានា “គ្រប់គ្រាន់” ពីទីក្រុង គៀវ លើការគ្មានយោធា នៅតាមច្រករបៀងសមុទ្រ ។

ក្រសួងបានឲ្យដឹងថា “ប្រទេសរុស្ស៊ី ចាត់ទុកថា ការធានាដែលទទួលបាន នៅពេលនេះគឺគ្រប់គ្រាន់ ហើយកំពុងបន្តការ អនុវត្តកិច្ចព្រមព្រៀង” ។

កិច្ចព្រមព្រៀងដែលត្រូវបាន ត្រួតពិនិត្យដោយមជ្ឈមណ្ឌល សម្របសម្រួលរួមនៅទីក្រុងអ៊ីស្តង់ប៊ុល បានអនុញ្ញាតឱ្យគ្រាប់ធញ្ញជាតិជាង ៩,៧លានតោន និងគ្រឿងឧបភោគបរិភោគផ្សេងទៀត ចាកចេញពីកំពង់ផែអ៊ុយក្រែន ។

គួរបញ្ជាក់ថា ការនាំចេញនេះបាននាំ មកនូវភាពធូរស្រាលដែល ត្រូវការច្រើនទៀតជួយដល់ វិបត្តិស្បៀងអាហារសកល ដែលបង្កឡើងដោយយុទ្ធនាការ របស់រុស្ស៊ី នៅអ៊ុយក្រែន ដែលជាអ្នកនាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top