ព័ត៌មានអន្តរជាតិ

​ ប្រមុខយូអិន ស្វាគមន៍រុស្ស៊ី ចំពោះការបន្ដចូលរួម បន្ដអនុវត្ដក្នុងកិច្ច ព្រមព្រៀង គ្រាប់ធញ្ញជាតិ

យូអិន ៖ អ្នកនាំពាក្យ របស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសេចក្តីប្រកាសពី ប្រទេសរុស្ស៊ី ស្តីពីការចូលរួមឡើងវិញរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀង ដើម្បីជួយសម្រួលដល់ការ នាំចេញគ្រាប់ធញ្ញជាតិ តាមរយៈសមុទ្រខ្មៅ ។

លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Guterres មានអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង ការទូតរបស់តួកគី ហើយសូមអរគុណអ្នកសម្របសម្រួល អង្គការសហប្រជាជាតិលោក Amir Abdulla និងក្រុមរបស់លោក សម្រាប់ការងាររបស់ពួកគេ ដើម្បី “រក្សាខ្សែផ្គត់ផ្គង់អាហារ ដ៏សំខាន់នេះឱ្យបើកចំហ” ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អគ្គលេខាធិការបន្តការ ចូលរួមរបស់លោក ជាមួយតួអង្គទាំងអស់ឆ្ពោះទៅរកការបន្ត និងការអនុវត្តពេញលេញ នៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិ សមុទ្រខ្មៅ ហើយក៏នៅតែប្តេជ្ញាចិត្តក្នុង ការដកចេញនូវឧបសគ្គ ដែលនៅសេសសល់ ចំពោះការនាំចេញអាហារ និងជីរបស់រុស្ស៊ី ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកក្កដា រុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាដោយឡែកពីគ្នាក្នុងឯកសារមួយនៅទីក្រុងអ៊ីស្តង់ប៊ុលជាមួយ តួកគី និងអង្គការសហប្រជាជាតិ ស្តីពីការនាំចេញគ្រាប់ ធញ្ញជាតិ និងជីពីអ៊ុយក្រែន និងរុស្ស៊ី ដើម្បីធានាការផ្គត់ផ្គង់ ទៅកាន់ទីផ្សារពិភពលោក ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន ។

កាលពីថ្ងៃទី២៩ ខែតុលា រុស្ស៊ី បានប្រកាសពីការសម្រេចចិត្តផ្អាកជាបន្ទាន់ និងគ្មានកំណត់នូវការអនុវត្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដោយចោទប្រកាន់អ៊ុយក្រែនថា បានបើកការវាយប្រហារ ដោយយន្តហោះដ្រូនប្រឆាំងនឹងកប៉ាល់ និងហេដ្ឋារចនាសម្ព័ន្ធ របស់កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី នៅមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង Sevastopol ៕

To Top