ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុននាំចូលឧស្ម័ន ធំជាងគេបំផុតរបស់អាល្លឺម៉ង់ ប្រកាសខាតបង់ប្រាក់ជិត ៤០ពាន់លានដុល្លារ

បឺលីន៖ ក្រុមហ៊ុននាំចូលឧស្ម័ន ដ៏ធំបំផុតរបស់អាល្លឺម៉ង់ Uniper បានកត់ត្រាការខាតបង់សុទ្ធចំនួន ៤០ ពាន់លានអឺរ៉ូ (៣៩ពាន់លានដុល្លារ) ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ដោយសារតម្លៃឧស្ម័នហក់ឡើងខ្ពស់។

សេចក្តីថ្លែងការណ៍របស់ ក្រុមហ៊ុនបានឲ្យដឹង តួលេខនេះមាន “១០ពាន់លានអឺរ៉ូ នៃការចំណាយជាក់ស្តែង សម្រាប់បរិមាណជំនួស និងប្រហែល ៣១ពាន់លានអឺរ៉ូ នៃការខាតបង់នាពេលអនាគត ដែលរំពឹងទុកពីផលប៉ះពាល់នៃ ការវាយតម្លៃលើឧបករណ៍និស្សន្ទវត្ថុ និងការផ្គត់ផ្គង់ដែលទាក់ទងនឹង ការកាត់បន្ថយឧស្ម័នរបស់រុស្ស៊ីគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២”។

Uniper CFO Tiina Tuomela បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន Uniper ធ្លាប់បានផ្គត់ផ្គង់ឧស្ម័នក្នុង តម្លៃខ្ពស់គួរឱ្យកត់សម្គាល់” ដោយបន្ថែមថា ការចំណាយខ្ពស់នៃ ការផ្គត់ផ្គង់ឧស្ម័នថ្មីគឺ “មិនត្រូវបានឆ្លងកាត់ដល់ អ្នកប្រើប្រាស់នោះទេ” ។

តម្លៃ​ឧស្ម័ន​នៅ​អឺរ៉ុប​បាន​ឡើង​ថ្លៃ​ ជាង​ទ្វេ​ដង​ចាប់​តាំង​ពី​ជម្លោះ​រុស្ស៊ី និង​អ៊ុយក្រែន​ចាប់​ផ្តើម បន្ទាប់ពីឡើងដល់កម្រិតជិត ៣៥០អឺរ៉ូ ក្នុងមួយមេហ្គាវ៉ាត់ម៉ោង អនាគតឧស្ម័នរបស់អឺរ៉ុប TTF (Title Transfer Facility) ត្រូវបានជួញដូរក្នុងរង្វង់ ១៣៣ អឺរ៉ូកាលពីថ្ងៃព្រហស្បតិ៍។

នៅក្នុងខែកញ្ញា រដ្ឋាភិបាលអាល្លឺម៉ង់ បានជួយសង្គ្រោះក្រុមហ៊ុម Uniper ពីការក្ស័យធន ដោយសារតែតួនាទីសំខាន់ របស់ខ្លួនក្នុងការផ្គត់ផ្គង់ ថាមពលរបស់ប្រទេសអាល្លឺម៉ង់។ បន្ទាប់ពីការបង្កើនដើមទុន និងការទទួលបានកញ្ចប់ភាគហ៊ុន ពីក្រុមថាមពលហ្វាំងឡង់ Fortum ភាគហ៊ុនរបស់រដ្ឋាភិបាល នឹងមានប្រហែល ៩៩ភាគរយ។

ក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុ (BMWK) បានឲ្យដឹងនៅពេលនៃ ការសម្រេចចិត្តទិញថា រដ្ឋាភិបាល កំពុងទទួលបាន “សិទ្ធិចម្បងនៃឥទ្ធិពល និងការគ្រប់គ្រងនៅក្នុងក្រុមហ៊ុន ដើម្បីឱ្យវាអាចការពារសន្តិសុខ ថាមពលនៅក្នុងប្រទេសអាល្លឺម៉ង់” ។

នៅក្រោមអ្វីដែលគេហៅថា កញ្ចប់ស្ថេរភាព សាច់ប្រាក់ងាយស្រួលរយៈពេលខ្លី របស់ក្រុមហ៊ុនត្រូវបានធានា ដោយខ្សែឥណទានពីធនាគារ KfW ដែលគ្រប់គ្រងដោយរដ្ឋ។ យោងតាមក្រុមហ៊ុនបានឱ្យដឹងថា នៅចុងខែតុលា ១៤ ពាន់លានអឺរ៉ូនៃខ្សែឥណទាន សរុបត្រូវបានប្រើប្រាស់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top