ព័ត៌មានអន្តរជាតិ

លោក Zhao Lijian អ្នកនាំពាក្យ ក្រសួងការបរទេសចិន ណែនាំ ពីវត្តមាន របស់លោកនាយករដ្ឋមន្ត្រីចិន Li Keqiang ក្នុងកិច្ចប្រជុំមួយចំនួន របស់មេដឹកនាំ ស្តីពីកិច្ចសហប្រតិបត្តិការ អាស៊ីបូព៌ា និងដំណើរទស្សនកិច្ច នៅប្រទេសកម្ពុជា

ក្នុងសន្និសីទកាសែត ជាប្រចាំរបស់ក្រសួង ការបរទេសចិននាថ្ងៃទី ៤ ខែវិច្ឆិកា អ្នកសារព័ត៌មាន បានសួរថា តើភាគីចិនមានទស្សនៈ និងក្តីរំពឹងទុកយ៉ាងណា ចំពោះកិច្ចប្រជុំមួយចំនួន របស់មេដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការ អាស៊ីបូព៌ាក្នុងការជំរុញសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់?

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ប្រទេសចិនមានការរំពឹងទុកប៉ុន្មានចំណុច ចំពោះកិច្ចប្រជុំនេះ ពោលគឺទីមួយ ផ្តោតលើការអភិវឌ្ឍរួមនៃតំបន់ ។ ទី២ គឺជំរុញដំណើរការធ្វើសមាហរណកម្ម សេដ្ឋកិច្ចរបស់អាស៊ីបូព៌ា ។ ទី៣ គឺគាំពារសន្តិភាព និងភាពស្ងប់សុខក្នុងតំបន់ ។

ពេលឆ្លើយសំណួរអំពីទស្សនៈ របស់ប្រទេសចិន ចំពោះទំនាក់ទំនងចិន-កម្ពុជានាពេលបច្ចុប្បន្ន លោក Zhao Lijian បានថ្លែងថា ប្រទេសចិន និងកម្ពុជាគឺជាប្រទេស ជិតខាងដ៏មេត្រីភាព និង ជាមិត្តដែកថែប ។ ប្រទេសចិន រំពឹងទុកថា ឆ្លៀតយកដំណើរទស្សនកិច្ច លើកនេះជាឱកាស សម្រាប់ពង្រឹងការផ្លាស់ប្តូរ បទពិសោធលើវិស័យ អភិបាលកិច្ចរដ្ឋជាមួយភាគីកម្ពុជា ធ្វើឱ្យស៊ីជម្រៅនូវកិច្ច សហប្រតិបត្តិការលើវិស័យកសិកម្ម ផលិតកម្ម សេដ្ឋកិច្ចបៃតង និងការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិ ជាដើម ហើយពួតដៃគ្នាដើរឱ្យបានល្អលើមាគ៌ាទំនើបកម្មតាមបែបផែនរៀងៗខ្លួន ដើម្បីរួមគ្នាធ្វើឱ្យសម្បូរបែប នូវផ្លូវឆ្ពោះទៅរកទំនើបកម្ម សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ សំដៅផ្តល់ផលប្រយោជន៍កាន់ តែច្រើនដល់ប្រជាជន នៃប្រទេសទាំងពីរ ៕

To Top