ព័ត៌មានអន្តរជាតិ

សភាប្រទេសបារាំង ត្រូវបង្ខំចិត្តផ្អាកប្រជុំភ្លាមៗ បន្ទាប់ពីមានការស្រែកដាក់គ្នា រឿងរើសអើងជាតិសាសន៍

បរទេស៖ សម័យប្រជុំនៃសភាបារាំង កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានផ្អាក បន្ទាប់ពីសមាជិកសភាមួយរូប ត្រូវបានចោទប្រកាន់ពីបទជេរប្រមាថ “ប្រកាន់ពូជសាសន៍” ទៅលើសមាជិកសភាម្នាក់ ក្នុងអំឡុងពេលជជែកពិភាក្សាគ្នា ស្តីពីការធ្វើចំណាកស្រុក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលដែលលោក Carlos Martens Bilongo សមាជិកសភាមកពីគណបក្សឆ្វេងនិយម La France Insoumise (France Unbowed) ដែលមានឪពុកម្តាយ មានដើមកំណើតកុងហ្គោ និងអង់ហ្គោឡា កំពុងថ្លែងសុន្ទរកថាក្នុងនាមអង្គការ ក្រៅរដ្ឋាភិបាលដែលផ្តល់ជំនួយ ដល់ជនចំណាកស្រុកដែលមកដល់អឺរ៉ុប។ លោកបានស្នើឲ្យរដ្ឋាភិបាល ជួយរកច្រកសម្រាប់មនុស្ស ២៣៤នាក់ ដែលទើបបានសង្គ្រោះនៅសមុទ្រ។

នៅពេលនោះដែរ លោក Gregoire de Fournas សមាជិកសភាទើបជាប់ឆ្នោត មកពីគណបក្សអភិរក្សជាតិ (RN) បានរំខាននូវការថ្លែអសុន្ទរកថា នោះដោយស្រែកថា “ពួកគេគួរតែត្រលប់ទៅអាហ្វ្រិកវិញ!”

ភាពច្របូកច្របល់ភ្លាមៗ បាននាំឱ្យមានការចលាចល ដោយមានសមាជិកសភាជាច្រើនរូបទៀត បានស្រែកដោយកំហឹងដាក់ de Fournas បន្ទាប់មកប្រធានសភា Yael Braun-Privet បានផ្អាកសម័យប្រជុំតែម្តង។

យោងតាមបណ្តាញព័ត៌មានបារាំង France 24 បានផ្សាយថា វាអាចត្រូវបានគេជឿថា លោក de Fournas កំពុងនិយាយឱ្យលោក Bilongo ដោយផ្ទាល់ ដោយសារតែនៅក្នុងភាសាបារាំង សព្វនាម ‘គាត់’ និង ‘ពួកគេ’ ត្រូវបានបញ្ចេញសំឡេងដូចគ្នា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top