ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្គាហ្សា ក្រោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បាញ់រ៉ុក្កែតជាច្រើនគ្រាប់

ហ្គាហ្សា៖ ប្រភពពីសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា ទីតាំងយោធារបស់ក្រុមហាម៉ាសចំនួនពីរ នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប ស្ថិតនៅក្រោមការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល។

ប្រភពសន្តិសុខបានប្រាប់ស៊ីនហួថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ សំដៅលើទីតាំង ដែលជាកម្មសិទ្ធិរបស់ក្រុម Al-Qassam Brigades ដែលជាស្លាបយោធារបស់ក្រុមហាម៉ាស ដោយបានបំផ្លាញទីតាំង និងកន្លែងនៅក្បែរនោះ។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានឲ្យដឹងថា ការផ្ទុះដ៏ខ្លាំងត្រូវបានគេឮ ខណៈដែលរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិល កំពុងប្រញាប់ប្រញាល់ទៅកាន់តំបន់គោលដៅ។ មិន​មាន​អ្នក​រង​របួស ត្រូវ​បាន​គេ​រាយការណ៍​ភ្លាមៗ​នោះ​ទេ។

ផ្ទាំងពាណិជ្ជកម្ម

ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីយោធាអ៊ីស្រាអែល បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធការពារ Iron Dome របស់ប្រទេសនេះ បានស្ទាក់ចាប់គ្រាប់រ៉ុក្កែត ដែលបានបាញ់ចេញ ពីតំបន់ហ្គាហ្សាស្ទ្រីប នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ គ្រាប់រ៉ុក្កែត ៣គ្រាប់ផ្សេងទៀត ដែលបាញ់ដោយក្រុមសកម្មប្រយុទ្ធហ្គាហ្សា បានធ្លាក់នៅតំបន់វាលមួយ ដោយមិនបង្កការខូចខាតអ្វីឡើយ។

ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល ទៅលើតំបន់ឆ្នេរ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស គឺជាលើកទីមួយក្នុងរយៈពេល ៣ខែចាប់តាំងពីកិច្ចព្រមព្រៀងស្ងប់ស្ងាត់មួយ ត្រូវបានឈានដល់ក្នុងខែសីហា រវាងអ៊ីស្រាអែល និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top