ព័ត៌មានអន្តរជាតិ

កាសែត WSJ: ទីប្រឹក្សាសន្តិសុខជាតិ កំពូលអាមេរិក មានទំនាក់ទំនង ពីក្រោយឆាកជា មួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី

បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានចូលរួមនៅក្នុងការទំនាក់ទំនង នៅពីក្រោយឆាកជាមួយ មន្ត្រីជាន់ខ្ពស់រុស្ស៊ី ក្នុងគោលបំណង កាត់បន្ថយឱកាស នៃជម្លោះកាន់តែធំលើអ៊ុយក្រែន, នេះបើយោងតាមការដកស្រង់ ប្រភពពីកាសែត Wall Street Journal កាលពីថ្ងៃអាទិត្យ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមមន្ត្រីអាមេរិក និងសម្ព័ន្ធមិត្ត ដែលបានសម្ភាសន៍ ដោយកាសែត គឺលោក Sullivan បានទាក់ទងជាមួយ លោក Yuri Ushakov ជំនួយការគោលនយោបាយ ការបរទេស របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងជាមួយ Nikolay Patrushev ដែលជាប្រធាន ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ។ ក្រុមមន្ត្រីបានប្រាប់កាសែត Wall Street Journal ថា គោលបំណង នៃកិច្ចពិភាក្សានេះគឺ “ដើម្បីការពារប្រឆាំង នឹងហានិភ័យ នៃការកើនឡើង និងរក្សាបណ្តាញ ទំនាក់ទំនងបើកចំហ” ជាជាងដើម្បីពិភាក្សា អំពីដំណោះស្រាយ សន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន ។

ប្រភពរបស់កាសែត WSJ បានបដិសេធមិនផ្តល់ព័ត៌មាន លម្អិតអំពីពេលដែលការចរចា បានកើតឡើង ឬថាតើពួកគេមានផលិតភាពដែរឬទេ។

មន្ត្រីអាមេរិកបាននិយាយថា លោក Sullivan បានទទូចឱ្យរក្សាទំនាក់ទំនង ជាមួយរុស្ស៊ីបើកចំហ ផ្ទុយពីមន្ត្រីសេតវិមានជាន់ខ្ពស់ផ្សេងទៀត ដែលមានអារម្មណ៍ថា ការចូលរួមជាមួយទីក្រុងម៉ូស្គូ នឹងមិនទទួលបានផ្លែផ្កា នៅដំណាក់កាលនេះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top