ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង បញ្ជាក់ថា ការអះអាងរបស់ហរដ្ឋអាមេរិកថា កូរ៉េខាងជើង ផ្គត់ផ្គង់កាំភ្លើងធំដល់រុស្ស៊ី គឺគ្មានមូលដ្ឋានច្បាស់លាស់ឡើយ

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ការអះអាងដោយសហរដ្ឋអាមេរិកថា ក្រុងព្យុងយ៉ាងកំពុងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំដល់ក្រុងម៉ូស្គូសម្រាប់សង្គ្រាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន គឺគ្មានមូលដ្ឋានច្បាស់លាស់ឡើយ ។

គួរបញ្ជាក់ថា ការស្តីបន្ទោសនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីមានការសាកល្បងអាវុធរបស់កូរ៉េខាងជើង កាលពីសប្តាហ៍មុន រួមទាំង មីស៊ីលផ្លោងអន្តរទ្វីបផងដែរ ខណៈដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធទ័ពអាកាសដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេ ។

សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានព្រមានថា ការបាញ់មីស៊ីលម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង នាពេលថ្មីៗនេះ អាចឈានដល់ការសាកល្បងនុយក្លេអ៊ែរ ។

សេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារនេះបានច្រានចោលការចោទប្រកាន់កាលពីសប្តាហ៍មុនដោយអ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby ដែលបានលើកឡើងថា កាំភ្លើងធំពីកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី កំពុងស្ថិតនៅក្រោមការគ្របដណ្តប់នៃការដឹកជញ្ជូនទៅកាន់មជ្ឈិមបូព៌ា ឬអាហ្វ្រិក ។

យោងតាមទីភ្នាក់ងារ KCNA អនុប្រធានកិច្ចការបរទេសយោធានៃក្រសួងការពារជាតិរបស់កូរ៉េខាងជើង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក កំពុងបន្តផ្សព្វផ្សាយ” ពាក្យចចាមអារ៉ាមស្តីពីការជួញដូរអាវុធដោយគ្មានមូលដ្ឋាន” ច្បាស់លាស់ រវាងកូរ៉េខាងជើង និងរុស្ស៊ី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top