បរទេស៖ នៅមុនដំណើរទស្សនកិច្ចផ្លូវការរបស់អនុប្រធានាធិបតីឥណ្ឌា គឺលោក Jagdeep Dhankar មកកាន់ប្រទេសកម្ពុជា ក្រសួងការបរទេសរបស់ប្រទេសនេះកាលពីថ្ងៃព្រហស្បតិ៍បានពង្រីកការគាំទ្ររបស់ខ្លួនចំពោះមតិឯកភាពប្រាំចំណុច (កូសង់ស៊ីស) របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយបាននិយាយថា ឥណ្ឌាចង់ឃើញការបញ្ឈប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
យោងតាមសារព័ត៌មាន The Print ចេញផ្សាយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Saurabh Kumar លេខាធិការ (ភាគខាងកើត) នៃក្រសួងការបរទេសបានថ្លែងក្នុងពេលថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មានពិសេសថា “នៅមីយ៉ាន់ម៉ា ជំហររបស់យើងគឺច្បាស់ណាស់។ យើងគាំទ្រការឯកភាពប្រាំចំណុចរបស់អាស៊ាន។ យើងចង់ឃើញប្រទេសមីយ៉ាន់ម៉ាឆ្ពោះទៅរករដ្ឋាភិបាលប្រជាធិបតេយ្យ។ យើងចង់ឃើញអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបញ្ឈប់។ នេះជាគោលនយោបាយរបស់យើងយ៉ាងទូលំទូលាយ» លោកបានបន្ថែមទៀតថា «ជាសំខាន់យើងចង់ឲ្យអាស៊ានចាត់ការផ្តួចផ្តើមគំនិតនេះ ហើយយើងគាំទ្រនូវកូសង់ស៊ីសទាំង ៥ ដែលអាស៊ានកំពុងធ្វើ»។
ការឯកភាព ឬកូសង់ស៊ីស ៥ចំណុចរបស់អាស៊ាន រួមមានការបញ្ចប់ជាបន្ទាន់ចំពោះអំពើហិង្សានៅក្នុងប្រទេស ការសន្ទនារវាងភាគីពាក់ព័ន្ធទាំងអស់; ការតែងតាំងបេសកជនពិសេស; ការផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាដោយអាស៊ាន និងដំណើរទស្សនកិច្ចរបស់បេសកជនពិសេសរបស់ប្លុកនេះទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគី ខណៈដែលមានការកើនឡើងយ៉ាងខ្លាំងនៃអំពើហិង្សាលើជនស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
