ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន វាយយកបានតំបន់សំខាន់ៗក្នុងទីក្រុង Kherson ក្រោយរុស្សី ប្រកាសដកទ័ពចេញ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធារបស់អ៊ុយក្រែនបានរំកិលខ្លួនចូលទៅកាន់កាប់បានឡើងវិញនូវតំបន់សំខាន់ៗមួយចំនួននៅក្នុងទីក្រុង Kherson មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរុស្សីបានប្រកាសដកទ័ពចេញពីទីនេះ។

ជាលទ្ធផលតំបន់ Snihurivka ដែលមានចំងាយប្រមាណជា៥០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Kherson ត្រូវបានអ៊ុយក្រែនដណ្តើមកយកមកកាន់កាប់ឡើងវិញហើយ ក៏បានរុញច្រានកម្លាំងរបស់ខ្លួនទៅកាន់តំបន់ខ្លះផ្សេងទៀតក្នុងទីក្រុងដែលមានចំងាយ៧គីឡូម៉ែត្រផងដែរ។

គួរឲ្យដឹងដែរថាប្រទេសរុស្សីកាលពីថ្ងៃម្សិលមិញ បានប្រកាសនឹងដកកងទ័ពចេញពីទីក្រុង Kherson ជាពិសេសនៅភាគខាតត្បូងប៉ុន្តែខ្លួនត្រូវការពេលវេលា យ៉ាងហោចណាស់ជាច្រើនសប្តាហ៍ ដើម្បីអាចបញ្ចប់ការងារនេះរួចរាល់ទៅបាន។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះនៅមិនទាន់មានភស្តុតាង ណាមួយដែលបានឃើញឬបញ្ជាក់អះអាងថាកងកម្លាំងយោធារុស្សីបានចាប់ផ្តើមដកខ្លួនក្នុងទ្រង់ទ្រាយធំចេញពីទីក្រុង Kherson នៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top