គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានសរសេរនៅលើបណ្ដាញ Twitter ឲ្យដឹងថា លោកបានពិភាក្សាអំពី ការគាំទ្របន្ថែមទៀតសម្រាប់ទីក្រុងគៀវ ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ក្នុងការសន្ទនាតាមទូរស័ព្ទ។
លោក ហ្សេឡិនស្គី បានលើកឡើងថា បញ្ហានៃការគាំទ្រផ្នែកការពារ ពហុភាគីសម្រាប់អ៊ុយក្រែន និងជំនួយក្នុងការស៊ូទ្រាំនឹងរដូវរងា ត្រូវបានគ្របដណ្តប់នៅក្នុងកិច្ចពិភាក្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការបន្តកិច្ចព្រមព្រៀងលើការ នាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន គឺជាប្រធានបទមួយផ្សេងទៀតនៃការសន្ទនា។ លោក ហ្សេឡិនស្គី ក៏បានឲ្យដឹងផងដែរថា លោកបានសម្របសម្រួល មុខតំណែងជាមួយលោក Sunak នៅមុនថ្ងៃនៃ “ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ” ។
ដោយឡែកការិយាល័យ នាយករដ្ឋមន្ត្រីអង់គ្លេស បានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងកិច្ចពិភាក្សាលោក Sunak បានបញ្ជាក់ថាចក្រភពអង់គ្លេស នឹងបន្តផ្តល់ជំនួយយោធា បន្ថែមទៀតសម្រាប់អ៊ុយក្រែន។
លោក Sunak បានលើកឡើងថា ចក្រភពអង់គ្លេស នឹងបញ្ជូនមីស៊ីលពីដីទៅអាកាសចំនួន ១០០០ ដើម និងឧបករណ៍សម្រាប់ រដូវរងាត្រជាក់ខ្លាំងជាង ២៥០០០ សម្រាប់កងទ័ពអ៊ុយក្រែន ៕
ប្រែសម្រួល ឈូក បូរ៉ា
