ព័ត៌មានអន្តរជាតិ

លោកខាងលិច គួរដកទណ្ឌកម្មឯកតោភាគី ដែលដាក់លើប្រទេសស៊ីរី បើពិតជាតាំងខ្លួនជា បិតាលទ្ធិប្រជាធិបតេយ្យមែននោះ

ដាម៉ាស់៖ អ្នកជំនាញអង្គការសហប្រជាជាតិ បានជំរុញឱ្យបណ្តាប្រទេស លោកខាងលិចដឹកនាំ ដោយសហរដ្ឋអាមេរិក ឱ្យដកទណ្ឌកម្មឯកតោភាគី លើប្រទេសស៊ីរី ដោយព្រមានថា ពួកគេបានបង្កើនការឈឺចាប់ របស់ប្រជាជនស៊ីរី។

លោកស្រី Alena Douhan អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីផលប៉ះពាល់អវិជ្ជមាន នៃទណ្ឌកម្មឯកតោភាគី បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានមួយបន្ទាប់ពី ដំណើរទស្សនកិច្ចរយៈពេល ១២ ថ្ងៃរបស់លោកស្រីទៅកាន់ប្រទេសស៊ីរី។

លោកស្រី បានបង្ហាញព័ត៌មានលម្អិត អំពីអ្វីដែលលោកស្រី បានពិពណ៌នាថាជា “ផលប៉ះពាល់មហន្តរាយ” នៃទណ្ឌកម្មឯកតោភាគីលើគ្រប់ ទិដ្ឋភាពនៃជីវិតនៅក្នុងប្រទេសស៊ីរី។

លោកស្រី Douhan បានបញ្ជាក់យ៉ាងច្បាស់ថា ទណ្ឌកម្មគឺឯកតោភាគី មានន័យថា ត្រូវបានដាក់ដោយគ្មានការ អនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហើយទណ្ឌកម្មនេះ ត្រូវបានដឹកនាំដោយមហាអំណាច ខាងប្រជាធិបតេយ្យអាមេរិកខ្លួនឯង។

លោកស្រីបានបន្ដថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា និងស្វីស គឺជាអ្នកនៅពីក្រោយការដាក់ ទណ្ឌកម្មលើប្រទេសស៊ីរី ដែលមានតាំងពីឆ្នាំ ២០១១ នៅពេលដែលវិបត្តិស៊ីរី បានចាប់ផ្តើម។

លោកស្រី Douhan បានរំលឹកឡើងវិញថា វិបត្តិស៊ីរីកាន់តែធ្ងន់ធ្ងរឡើង ដោយសារភាពឯកោ ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ដែលជាលទ្ធផលនៃទណ្ឌកម្ម ដែលរារាំងការនាំចូល និងការនាំចេញអាហារ ថ្នាំពេទ្យ គ្រឿងបន្លាស់ និងវត្ថុធាតុដើមដែលចាំបាច់សម្រាប់តម្រូវការ និងការស្តារឡើងវិញរបស់ប្រទេស។

លោកស្រីបានបន្ថែមថា ទណ្ឌកម្មក៏បានប៉ះពាល់ដល់ សមត្ថភាពរបស់ប្រទេសក្នុងការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគម្រោងសាងសង់ឡើងវិញសំខាន់ៗ សម្រាប់ប្រជាជនស៊ីរី ជាពិសេសអ្នក ដែលរស់នៅក្នុងតំបន់ដាច់ស្រយាល និងជនបទ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top