តូក្យូ៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា អ្នកស្ម័គ្រចិត្តជប៉ុនម្នាក់ ដែលកំពុងប្រយុទ្ធដើម្បីអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី បានស្លាប់នៅក្នុងសង្គ្រាមបាត់ទៅហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ក្រសួងបានបញ្ជាក់ថា បុរសវ័យ ២០ឆ្នាំរូបនេះ បានស្លាប់កាលពីថ្ងៃពុធ បន្ទាប់ពីស្ថានទូតជប៉ុនក្នុងទីក្រុងគៀវ បានផ្ទៀងផ្ទាត់ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលថាលោកបានស្លាប់នៅក្នុង សង្គ្រាមជាមួយរុស្ស៊ីនាពេលថ្មីៗនេះ។
ប្រធានខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បានឲ្យដឹងក្នុងសន្និសីទ កាសែតជាប្រចាំថា ស្ថានទូតកំពុងផ្តល់ព័ត៌មាន និងការគាំទ្រដល់គ្រួសាររបស់បុរសរូបនោះ។
អ្នកនាំពាក្យរដ្ឋាភិបាលកំពូល បានកត់សម្គាល់ថា ប្រទេសជប៉ុន បានចេញសេចក្តីណែនាំ អំពីការជម្លៀស សម្រាប់អ៊ុយក្រែនទាំងមូល។ លោកបានបន្ដថា “យើងជំរុញពលរដ្ឋរបស់យើងកុំឱ្យ ធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងគោលបំណងណាមួយ។ អ្នកដែលស្ថិតនៅក្នុងប្រទេសនេះ គួរតែជម្លៀសចេញជាបន្ទាន់” ៕
ប្រែសម្រួល ឈូក បូរ៉ា
