ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល និងអាល្លឺម៉ង់ ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការថាមពល ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ

យេរ៉ូសាឡឹម៖ ក្រសួងថាមពលអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល និងអាល្លឺម៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការថាមពល ដើម្បីដោះស្រាយវិបត្តិ អាកាសធាតុពិភពលោក។

បន្ទាប់ពីកិច្ចពិភាក្សាក្នុងប៉ុន្មានខែថ្មីៗនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នា លើផែនការការងាររួមគ្នាមួយ ដែលនឹងគ្របដណ្តប់លើវិស័យនានាដូចជា សន្តិសុខថាមពល ថាមពលដែលមាននិរន្តរភាព និងកកើតឡើងវិញ និងប្រសិទ្ធភាពថាមពលក្នុងលំហទីក្រុង ។

កិច្ចព្រមព្រៀងនេះត្រូវបាន ចុះហត្ថលេខាដោយលោក Lior Schillat អគ្គនាយកនៃក្រសួងថាមពលអ៊ីស្រាអែល និងលោក Birgit Schwenk អគ្គនាយកសម្រាប់សកម្មភាពអាកាសធាតុ នៅក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុអាល្លឺម៉ង់ ក្នុងអំឡុងសម័យប្រជុំលើកទី២៧ នៃសន្និសីទភាគី (COP27) ដើម្បីអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុង Sharm El-Sheikh ប្រទេសអេហ្ស៊ីប ។

លោក Schillat បានលើកឡើងថា “អ៊ីស្រាអែលនឹងរៀនពី បទពិសោធន៍របស់អាល្លឺម៉ង់ ក្នុងការបង្កើនការដាក់បញ្ចូល ថាមពលកកើតឡើងវិញ ទៅក្នុងបណ្តាញអគ្គិសនី ការគ្រប់គ្រងបណ្តាញអគ្គិសនី និងការបង្កើតយុទ្ធសាស្រ្តអ៊ីដ្រូសែន” ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្ថែមថា “ក្នុងពេលជាមួយគ្នានេះ អ៊ីស្រាអែល នឹងជួយប្រទេសអាល្លឺម៉ង់ ក្នុងអ្វីគ្រប់យ៉ាងដែលទាក់ទងនឹង ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងអ៊ីនធឺណិត និងការចែករំលែកចំណេះដឹង នៅក្នុងវិស័យកសិកម្ម” ។

លោក Schwenk បានលើកឡើងថា “ភាពជាដៃគូផ្តល់នូវក្របខ័ណ្ឌ ដ៏មានប្រសិទ្ធភាពមួយសម្រាប់ ការរួមគ្នាដោះស្រាយបញ្ហាប្រឈម នាពេលបច្ចុប្បន្ននៃ ការផ្លាស់ប្តូរថាមពល ពីថាមពលហ្វូស៊ីល ទៅជាថាមពលកកើតឡើងវិញ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top