ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ចង់ឲ្យលោក ស៊ី ជីនពីង ជួយទប់ស្កាត់ការញុះញង់នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន គ្រោងនឹងជំរុញឱ្យប្រធានាធិបតីចិនលោក ស៊ី ជីនពីង ធ្វើការដើម្បីទប់ស្កាត់ការញុះញង់នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង នៅពេលមេដឹកនាំទាំងពីរ ជួបគ្នានៅប្រទេសឥណ្ឌូនេស៊ី នៅសប្តាហ៍ក្រោយ។

កូរ៉េខាងជើង ក៏នឹងក្លាយជាប្រធានបទសំខាន់ផងដែរ នៅពេលដែលលោក បៃដិន ជួបជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង ដែលជាផ្នែកមួយនៃភាពចលាចល នៃទំនាក់ទំនងការទូតដែលធ្វើឡើង នៅគែមនៃកិច្ចប្រជុំអន្តរជាតិ នៅអាស៊ីអាគ្នេយ៍ នេះបើយោងតាមទីប្រឹក្សា សន្តិសុខជាតិលោក Jake Sullivan ។

លោក Sullivan បានលើកឡើងថា លោករំពឹងថា កិច្ចសហប្រតិបត្តិការសន្តិសុខ “ត្រូវបានពង្រឹង” នឹងត្រូវបានយល់ព្រមក្នុងអំឡុង ពេលកិច្ចចរចាត្រីភាគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក បៃដិន នឹងជួបជាមួយលោក ស៊ី នៅក្រៅកិច្ចប្រជុំកំពូលនៃ ក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០ នៅលើកោះរមណីយដ្ឋានបាលី។ ជំនួបត្រីភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា នៅថ្ងៃអាទិត្យនេះ ។

ខណៈពេលដែលកិច្ចប្រជុំរវាងលោក បៃដិន និងលោក ស៊ី ត្រូវបានគេរំពឹងថា នឹងប៉ះលើបញ្ហាក្នុងតំបន់ និងសកលលោកជាច្រើន រួមទាំងតៃវ៉ាន់ ប្រធានាធិបតីអាមេរិកនឹង “លើកឡើងពីបញ្ហាកូរ៉េខាងជើង” យ៉ាងពិតប្រាកដ នៅពេលដែលទីក្រុងព្យុងយ៉ាង ធ្វើការសាកល្បងមីស៊ីលផ្លោងក្នុងល្បឿន ដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ។

ទីក្រុង​ព្យុងយ៉ាង ក៏​ត្រូវ​បាន​គេ​ជឿ​ថា ​បាន​ធ្វើ​ការ​ត្រៀម​ខ្លួន​សម្រាប់​អ្វី​ដែល ​នឹង​ជា​ការ​សាកល្បង​នុយក្លេអ៊ែរ​ ជា​លើក​ដំបូង​របស់​ខ្លួន​ចាប់​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៧ និង​ជា​លើក​ទី​៧។

លោក Sullivan បានបន្ថែមថា លោក បៃដិន គ្រោងនឹងប្រាប់លោក ស៊ី ថាប្រទេសកូរ៉េខាងជើងតំណាងឱ្យ “ការគំរាមកំហែង” មិនត្រឹមតែ ចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុត របស់ខ្លួននៅអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ “សន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ទាំងមូល” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top