ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីសឹង្ហបុរី អរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងជោគជ័យ ក្នុងការធ្វើជា ប្រធានអាស៊ាន

ភ្នំពេញ : នាយករដ្ឋមន្រ្តីសឹង្ហបុរី លោក លី សៀនឡុង បានសរសេរ នៅក្នុងទំព័រហ្វេសប៊ុក របស់លោកថា ត្រឡប់​មក​ផ្ទះ​វិញ​ពី​ភ្នំពេញ។

នៅក្នុងទំព័រហ្វេសប៊ុក របស់លោកនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកថា បានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ជាមួយនឹងការពិភាក្សា អំពីបញ្ហាយុទ្ធសាស្ត្រ នយោបាយ និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៧ (EAS) នៅព្រឹកនេះ ។ យើងជាក្រុមផ្សេងគ្នា ប៉ុន្តែភាពខ្លាំងរបស់អាស៊ាន និង EAS គឺក្នុងការនាំយកមេដឹកនាំរួមគ្នា សម្រាប់ការពិភាក្សា និងចរចា ។

ជាងនេះទៅទៀត លោកក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅ និងជោគជ័យក្នុងការ ធ្វើជាប្រធានអាស៊ាននេះ ។

បើតាមលោក លី គឺ ប្រទេសឥណ្ឌូណេស៊ីនឹងធ្វើជាប្រធានអាស៊ានបន្ទាប់ ហើយលោកថា “ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកប្រធានាធិបតីJoko Widodo និងមេដឹកនាំអាស៊ានរបស់យើង ក្នុងការដោះស្រាយបញ្ហាប្រឈម ជាសាកល តាមរយៈឯកភាព និង ភាពជាកណ្តាលរបស់អាស៊ាន និងចាប់យកឱកាសពីសហគមន៍អាស៊ាន ដែលមានសុខដុមរមនា សន្តិភាព ស្ថិរភាព និងវិបុលភាព ៕

To Top