ព័ត៌មានអន្តរជាតិ

ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង ព្រមព្រៀងគ្នា ចាត់វិធានការដំណោះស្រាយ ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ ទាំងស្រុងរបស់កូរ៉េខាងជើង

តូក្យូ៖ មេដឹកនាំនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានយល់ព្រមចាត់វិធានការ “ដំណោះស្រាយ” ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ខណៈដែលភាពតានតឹងបានកើនឡើងនាពេលថ្មីៗនេះ ជុំវិញការសាកល្បងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។

បន្ទាប់ពីជួបជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅភ្នំពេញ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក៏បានប្រាប់អ្នកសារព័ត៌មានថា កិច្ចសហប្រតិបត្តិការបីដងកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដោយសារលទ្ធភាពនៃការបង្កហេតុបន្ថែមទៀតពីកូរ៉េខាងជើង។

យោងតាមសេចក្តីថ្លែងការណ៍រួមមួយបានឱ្យដឹងថា ចំពេលមានការភ័យខ្លាចថា កូរ៉េខាងជើង អាចនឹងបន្តការសាកល្បងនុយក្លេអ៊ែរលើកទី៧ របស់ខ្លួន និងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ មក ដោយផ្គើននឹងការព្រមានអន្តរជាតិ មេដឹកនាំបានយល់ព្រមធ្វើការរួមគ្នា ដើម្បីពង្រឹងការរារាំងជាមួយប្រទេសទាំង៣ ដែលសម្របសម្រួលការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។

ខណៈពេលដែលបញ្ជាក់ជាថ្មីថា កូរ៉េខាងជើង មិនអាចជៀសវាងការប្រឈមមុខនឹង “ការឆ្លើយតបដ៏រឹងមាំ និងតាំងចិត្តពីសហគមន៍អន្តរជាតិ” ប្រសិនបើការសាកល្បងនុយក្លេអ៊ែរមួយផ្សេងទៀតត្រូវបានអនុវត្តនោះ មេដឹកនាំបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “ផ្លូវទៅកាន់ការសន្ទនានៅតែបើកចំហឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងការទូត” ជាមួយទីក្រុងព្យុងយ៉ាង។

ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា មេដឹកនាំ “បានសំរបសំរួលលើការឆ្លើយតបរួមគ្នា ក្នុងករណីដែលនឹងមានការធ្វើតេស្តនុយក្លេអ៊ែរលើកទី៧ ដោយ កូរ៉េខាងជើង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top