គៀវ៖ យោងតាមមន្ត្រីក្រុងគៀវបានឲ្យដឹងថា រុស្ស៊ីបានបាត់បង់ទាហាន ១០០០០នាក់ក្នុងរយៈពេល២សប្តាហ៍ ខណៈអ៊ុយក្រែនបន្តការវាយលុករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទំនងជាបរាជ័យក្នុងការទាញយកប្រយោជន៍ពីជោគជ័យរបស់កងកម្លាំងរុស្ស៊ី ដែលបានធ្វើឡើងក្នុងដំណាក់កាលដំបូងនៃសង្រ្គាម ដោយពេលនេះអ៊ុយក្រែន បានរំដោះទឹកដីរបស់ខ្លួន រួមទាំងទីក្រុង Kherson ដ៏សំខាន់ជាយុទ្ធសាស្ត្រផងដែរ។
អ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ ABC News លោក James Longman បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែន ឥឡូវនេះទទួលបាន ៥០ ភាគរយនៃទឹកដីរបស់ខ្លួនមកវិញហើយ។
នៅក្នុងការអាប់ដេតហ្វេសប៊ុក កាលពីថ្ងៃអាទិត្យ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបាត់បង់ទាហានប្រហែល ១០០០០ នាក់ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ ជាមួយនឹងតួលេខសរុបឥឡូវនេះមានចំនួន ៨០,៨៦០នាក់។
ប្រភពបានបន្ថែមថា ប្រព័ន្ធកាំភ្លើងធំរបស់រុស្ស៊ីចំនួន ១៨៣៧គ្រឿងត្រូវបានចាប់យក ឬបំផ្លាញ ចោល រួមជាមួយនឹងយន្តហោះ ២៧៨ គ្រឿង និងឧទ្ធម្ភាគចក្រ ២៦១ គ្រឿងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ៕