ព័ត៌មានអន្តរជាតិ

ការដកថយពីតំបន់ Kherson នាពេលនេះកម្លាំងរុស្ស៊ី កំពុងផ្ដោតលើការការពារ ជាជាងការវាយប្រហារ

គៀវ៖ ចាប់តាំងពីការដកខ្លួនចេញពីតំបន់ Kherson នៅថ្ងៃទី១១ ខែវិច្ឆិកា ទីតាំងរបស់រុស្ស៊ី នៅត្រើយម្ខាងនៃទន្លេ បានទទួលរងការវាយប្រហារញឹកញាប់ កាន់តែខ្លាំងឡើង។ ដូចដែលវាបានធ្វើបន្ទាប់ពីការវាយប្រហារ ដោយជោគជ័យរបស់អ៊ុយក្រែន នៅលើស្ពាន Kerch Strait កាលពីខែតុលា ប្រទេសរុស្ស៊ី បានឆ្លើយតបជាមួយនឹងរលក នៃមីស៊ីលសំដៅ ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល របស់ប្រទេសនេះ។

បន្ទាប់ពីបានរុល ទៅមុខពាសពេញទឹកដីដ៏ធំ នៅដើមសប្តាហ៍នៃ “ប្រតិបត្តិការយោធាពិសេសរបស់ខ្លួន” កងកម្លាំងរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ឥឡូវនេះច្បាស់ណាស់ គឺផ្ដោតលើការការពារវិញម្ដង។

លោក John Spencer អ្នកនិពន្ធនៃការយល់ដឹង អំពីសង្គ្រាមទីក្រុង និងជាមេចូលនិវត្តន៍នៅក្នុងកងទ័ពសហរដ្ឋអាមេរិក បានប្រាប់ Newsweek ឲ្យដឹងថា “យោធារបស់រុស្ស៊ី ត្រូវបានខូច” ។ “នោះមិនមានន័យថា វាមិនមានគ្រោះថ្នាក់នោះទេ។ វានៅតែអាចចូលរួមក្នុងសមរភូមិ ប៉ុន្តែវាមិនអាចធ្វើយុទ្ធនាការធំ បានទៀតនោះទេ”។

សូម្បីតែ ៩ខែបន្ទាប់ពីវាបានបញ្ជូនទាហានល្អបំផុតរបស់ខ្លួន ចូលទៅក្នុងអ៊ុយក្រែនដោយរំពឹងថា ពួកគេនឹងផ្តួលរំលំរដ្ឋាភិបាលទីក្រុងគៀវ ក្នុងរយៈពេលប៉ុន្មានថ្ងៃ កងទ័ពដ៏មានឥទ្ធិពលបំផុតទីពីរ នៅលើពិភពលោកបានរកឃើញថា ខ្លួនកំពុងជីកលេណដ្ឋាន នៅតាមដងផ្លូវ ដែលឈានទៅដល់គ្រីមៀ។

លោក​បាន​សួរ​ថា “សំណួរ​នៅ​ពេល​នេះ​គឺ​ថា តើ​ទឹកដី​រុស្ស៊ី​ត្រូវ​លះបង់​ប៉ុន្មាន​ទៀត មុន​នឹង​អាច​បង្កើត​ខ្សែ​ការពារ ដោយ​កម្លាំង​តិច​បំផុត​ ដែល​ខ្លួន​បាន​ចាកចេញ? “បាទ រុស្ស៊ីបានប្រកាសអំពីការចល័ត ប៉ុន្តែកម្លាំងប្រយុទ្ធមិនមែនត្រឹមតែចំនួនទាហាន ដែលអ្នកបោះទៅក្នុងសមរភូមិនោះទេ វានិយាយអំពីរបៀបដែលអ្នកបញ្ចូលគ្នា រវាងថ្មើរជើងប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការបំពេញបន្ថែមពេញលេញ នៃគ្រឿងសឹកធុនធ្ងន់ ការបាញ់ចម្ងាយឆ្ងាយ”។

លោក Spencer បានបន្ថែមថា “ក្នុងន័យនេះ អំណាចប្រយុទ្ធរបស់រុស្ស៊ីត្រូវបានធ្លាក់ចុះ យ៉ាងខ្លាំងក្នុងរយៈពេល ៥ខែកន្លងមកនេះ” លោក Spencer បានបន្ថែមថា “ក្នុងពេលជាមួយគ្នាដែលអ៊ុយក្រែន ត្រូវបានពង្រឹង ដោយសារជំនួយពីដៃគូអន្តរជាតិរបស់ខ្លួន”។

បន្ទាប់ពីដកខ្លួនចេញពីតំបន់ជុំវិញទីក្រុងគៀវ នៅចុងខែមេសា រុស្ស៊ីបានងាកទៅរកយុទ្ធសាស្ត្រពីរ នៃការពង្រីកការគ្រប់គ្រងរបស់ខ្លួនលើតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន ខណៈក្នុងពេលដំណាលគ្នាប្រយុទ្ធ ដើម្បីរក្សាក្បាលស្ពានរបស់ខ្លួនជុំវិញទីក្រុង Kherson ។

គួរបញ្ជាក់ថា ក្បាលស្ពានដែលមានទីតាំង នៅច្រាំងខាងលិចនៃទន្លេ Dnieper មានតម្លៃជាចំណុចចាប់ផ្តើមដ៏មានសក្តានុពល សម្រាប់ប្រតិបត្តិការវាយលុក នាពេលអនាគតប្រឆាំងនឹង Mykolaiv និង Odesa ដែលស្ថិតនៅភាគខាងលិចបន្ថែមទៀត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top