ព័ត៌មានអន្តរជាតិ

Update៖ ទីភ្នាក់ងារគ្រោះមហន្តរាយថា គ្រោះទឹកជំនន់ភ្លាមៗ នឹងបង្កជន់លិច ដល់រដ្ឋធានីរបស់ម៉ាឡេស៊ី ចំថ្ងៃបោះឆ្នោត

កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ភ្លៀងត្រូវបានគេរំពឹងថា នឹងមាននៅក្នុងរដ្ឋជាច្រើន នៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃបោះឆ្នោត គឺថ្ងៃសៅរ៍ ។ ទីភ្នាក់ងារគ្រោះមហន្តរាយ បានបញ្ជាឱ្យមានការប្រុងប្រយ័ត្ន ចំពោះខ្យល់មូសុង និងគ្រោះទឹកជំនន់កើតឡើងភ្លាមៗ ។

ព្យុះផ្គររន្ទះក៏ត្រូវបានព្យាករណ៍ថា នឹងកើតឡើង នៅពេលល្ងាចផងដែរ ។

រដ្ឋ Selangor, Negeri Sembilan, Melaka និងភាគខាងលិចនៃរដ្ឋ Johor ស្ថិតក្នុងចំណោមរដ្ឋ ដែលគួរតែទប់ទល់នឹងអាកាសធាតុសើម ។ នេះបើយោងតាមលោក Lim Ze Hui អគ្គនាយក នៃនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បានលើកឡើងដូច្នេះ ។

ទីភ្នាក់ងារឧតុនិយមម៉ាឡេស៊ី បានឲ្យដឹងថា ភ្លៀងធ្លាក់ជាទៀងទាត់ ក៏ត្រូវបានគេរំពឹងថា នឹងបន្តពេញមួយថ្ងៃនៅក្នុងរដ្ឋ Kelantan និងរដ្ឋ Terengganu ។

“សម្រាប់រដ្ឋភាគខាងជើង អាកាសធាតុត្រូវបានរំពឹងថា នឹងល្អនៅពេលព្រឹក ខណៈព្យុះផ្គររន្ទះនឹងបោកបក់ស្ទើរតែគ្រប់រដ្ឋនៅពេលល្ងាច ។ វាគ្រាន់តែជាព្យុះផ្គររន្ទះធម្មតា ហើយគ្មានអ្វី ដែលត្រូវព្រួយបារម្ភនោះទេ” លោក Lim បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Bernama យ៉ាងដូច្នេះ ។

គួរបញ្ជាក់ថា ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីស្រុកមួយចំនួនក្នុងទីក្រុង Selangor បានឃើញថា មានគ្រោះទឹកជំនន់កើតឡើង នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ នៅក្នុងជ្រលងភ្នំ Klang ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top