ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ ជំរុញឲ្យប្រទេសនៃ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក រួមគ្នាសម្រេចបាននូវ កំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តភាព

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីថៃឡង់ដ៏ បានជំរុញឱ្យប្រទេសនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា(APEC) រួមដៃគ្នាក្នុងការសម្រេចបាននូវ កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ស្របពេលមានបញ្ហាប្រឈម ជាសាកលនៅឯកិច្ចប្រជុំកំពូល នាយកប្រតិបត្តិ APEC ។

លោក ប្រាយុទ្ធ ដែលប្រទេសរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២២ បានថ្លែងសុន្ទរកថា ដ៏សំខាន់នៅឯកិច្ចប្រជុំកំពូលដោយថ្លែងថា អាទិភាពរបស់ APEC ត្រូវបានដឹកនាំដោយវដ្ត នៃជីវសេដ្ឋកិច្ចបៃតង ដែលប្រទេសថៃឡង់ដ៏បានដាក់ ចេញជាយុទ្ធសាស្ត្រស្តារឡើងវិញ ពីជំងឺកូវីដ-១៩ និងប្លង់មេសម្រាប់រយៈពេលយូរ ។ កំណើនដែលមានតុល្យភាព និរន្តរភាព និងការរួមបញ្ចូលគ្នា ។

លោកបានសង្កត់ធ្ងន់លើតួនាទី ដែលមិនអាចខ្វះបានរបស់វិស័យឯកជន ក្នុងដំណើរការ ដោយមានផ្នែកចំនួន៣ ដែលរដ្ឋាភិបាល និងធុរកិច្ចអាចធ្វើការរួមគ្នាកាន់តែខ្លាំងឡើង ។

ទី១ គឺការលើកកម្ពស់និរន្តរភាព លោក ប្រាយុទ្ធ បានថ្លែងថា ដោយលើកឡើងពីបញ្ហាប្រឈមបរិស្ថាន ដែលមិនធ្លាប់មានពីមុនមក រួមមានព្យុះ និងគ្រោះរាំងស្ងួតកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ ការកើនឡើងសីតុណ្ហភាព និងកម្រិតទឹកសមុទ្រ គុណភាពខ្យល់កាន់តែអាក្រក់ និងការបាត់បង់ជីវចម្រុះជាដើម ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ទី២ គឺកំណើនរួមបញ្ចូលគ្នា ។ “យើងត្រូវតែធានាថា យើងមិនទុកនរណាម្នាក់ចោល នៅលើមាគ៌ានៃការអភិវឌ្ឍន៍របស់យើង ។ យើងត្រូវធានាថា អត្ថប្រយោជន៍នៃកំណើននេះ ត្រូវបានទទួលដោយគ្រប់កម្រិត នៅក្នុងតំបន់របស់យើង” ។

ទី៣ គឺឌីជីថល លោក ប្រាយុទ្ធ បានថ្លែងថា ការផ្លាស់ប្តូរឌីជីថលប្រកបដោយ ប្រសិទ្ធភាពផ្តល់នូវឱកាសដ៏ធំសម្បើម សម្រាប់អាជីវកម្មក្នុងតំបន់ ។ លើសពីនេះ នឹងក្លាយជាការជំរុញសេដ្ឋកិច្ច ដ៏សំខាន់មួយដើម្បីរួមចំណែកដល់ការ អភិវឌ្ឍន៍រយៈពេលវែងរបស់តំបន់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top