ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បញ្ជូនអ្នកជំនាញទៅកាន់ ប៉ូឡូញ ដើម្បីចូលរួម ការស៊ើបអង្កេតករណី បំផ្ទុះដោយមីស៊ីលថ្មីៗនេះ

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ្នកជំនាញអ៊ុយក្រែន នឹងចូលរួមក្នុងការស៊ើបអង្កេតលើការបាញ់មីស៊ីលដ៏សាហាវមួយ ដែលបានធ្លាក់នៅភាគអាគ្នេយ៍នៃប្រទេសប៉ូឡូញ។

លោក ហ្សេឡិនស្គី បានលើកឡើងថា “កាលពីម្សិលមិញ យើងបានទទួលការបញ្ជាក់ថា អ្នកឯកទេសរបស់យើងនឹងចូលរួមក្នុងការស៊ើបអង្កេត។ រហូតទាល់តែការស៊ើបអង្កេតត្រូវបានបញ្ចប់ យើងមិនអាចនិយាយបានច្បាស់ថា តើមីស៊ីលមួយណា ឬផ្នែករបស់ពួកគេបានធ្លាក់លើទឹកដីប៉ូឡូញ” ។

លោក បានបន្ដថា កាលពីថ្ងៃអង្គារ មានមីស៊ីលប្រហែល ១០០គ្រាប់ត្រូវបានបាញ់ដោយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដោយលោក បានលើកឡើងថា ដោយបង្ហាញពីជំនឿរបស់លោកថា មីស៊ីលមួយចំនួនអាចឆ្លងកាត់ព្រំដែនអ៊ុយក្រែន-ប៉ូឡូញ។

កាលពីថ្ងៃពុធ លោក Oleksiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន (NSDC) បានលើកឡើងថា ក្រុងគៀវបានស្នើសុំចូលទៅកាន់ទីតាំងនៃការផ្ទុះនៅក្នុងប្រទេសប៉ូឡូញ សម្រាប់តំណាងក្រសួងការពារជាតិអ៊ុយក្រែន និងសេវារដ្ឋ សម្រាប់គ្រាអាសន្ន៕ប្រែសម្រួល ឈូក បូរ៉ា

To Top