ព័ត៌មានអន្តរជាតិ

អាមេរិក ជប៉ុន និងប្រទេស ៤ផ្សេងទៀត ថ្កោលទោសការបាញ់មីស៊ីល របស់កូរ៉េខាងជើង

បាងកក៖ មេដឹកនាំនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសចំនួន ៣ផ្សេងទៀតបានថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះការបាញ់មីស៊ីលផ្លោង របស់កូរ៉េខាងជើង នៅថ្ងៃសុក្រនេះនៅពេលពួកគេ បើកកិច្ចប្រជុំបន្ទាន់មួយក្នុងអំឡុងពេល កិច្ចប្រជុំកំពូលវេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងបាងកក។

ប្រទេស​ចំនួន​៣ទៀត​គឺ​កាណាដា អូស្ត្រាលី និង​នូវែលសេឡង់។ ប្រទេសទាំង៦ បានយល់ព្រមថាការបាញ់បង្ហោះនេះគឺជា “ការរំលោភយ៉ាងធ្ងន់ធ្ងរលើ ដំណោះស្រាយជាច្រើនរបស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ” និង “មិនអាចទទួលយកបានទាំងស្រុង” នេះបើយោងតាមរដ្ឋាភិបាលជប៉ុន និងសហរដ្ឋអាមេរិក។

ពួកគេបានឲ្យដឹងថា មេដឹកនាំបានអះអាងសារជាថ្មីនូវ ការសាកល្បងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង “នឹងត្រូវបានឆ្លើយតបយ៉ាងរឹងមាំ និងម៉ឺងម៉ាត់” ហើយថា ពួកគេនឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវការរំសាយ អាវុធនុយក្លេអ៊ែរពេញលេញរបស់ប្រទេស។

ផ្ទាំងពាណិជ្ជកម្ម

ក្រុង​ព្យុងយ៉ាង ​បាន​នឹង​កំពុង​បាញ់​មីស៊ីល​ផ្លោង ​ក្នុង​ល្បឿន​មិន​ធ្លាប់​មាន​ក្នុង​ឆ្នាំ​នេះ ហើយ​អាច​នឹង​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ២០១៧មក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

នៅក្នុងកិច្ចប្រជុំបន្ទាន់ ដែលកោះប្រជុំដោយអនុប្រធានាធិបតី សហរដ្ឋអាមេរិកលោកស្រី Kamala Harris ប្រទេសទាំង៦ បានអំពាវនាវឱ្យកូរ៉េខាងជើង “បោះបង់ការបង្កហេតុ ដែលមិនចាំបាច់ ហើយត្រឡប់ទៅរកការទូត និងនិរន្តរភាព” ដោយលើកឡើងថា “ផ្លូវទៅកាន់ការសន្ទនានៅតែបើកចំហជានិច្ច” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top