ព័ត៌មានអន្តរជាតិ

អឺរ៉ុប​បង្កក ទ្រព្យសម្បត្តិ សរុបរបស់រុស្សី កើនឡើងដល់ ៧០ពាន់លានដុល្លារ

បរទេស ៖ យោងតាមការចេញផ្សាយ របស់ The Politico កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាចំនួន នៃទ្រព្យសម្បត្តិជាអចលនទ្រព្យ របស់រុស្សី ដែលត្រូវបានបង្កក ដោយសហភាពអឺរ៉ុប មានការកើនឡើង ទៅដល់៧០ពាន់លានដុល្លារ មកហើយ ដែលភាគច្រើនស្ថិតនៅក្នុង ប្រទេសប៊ែលហ្ស៊ិក។

អចលនទ្រព្យ ដែលគេសង្កេតឃើញមាន នៅក្នុងរបាយការណ៍ដដែលនោះ មានដូចជានៅប្រទេសប៊ែលហ្ស៊ិក ប្រមាណជា៥១ពាន់លានដុល្លារ នៅលុចសំបួ មានប្រមានជា ៥,៧ ពាន់លានដុល្លារ ខណៈដែល២ប្រទេស នេះបញ្ចូលគ្នាជាមួយ នឹងអចលនទ្រព្យ ដែលត្រូវបានបង្កក នៅក្នុងប្រទេសអ៊ីតាលី អាល្លឺម៉ង់ អៀរឡង់ អូស្ត្រាលី និងបារាំង មានការចំនួន៩០ភាគរយ នៃអចលនទ្រព្យ សរុបដែលត្រូវបានបង្កក ។

ទោះបីជាយ៉ាង ណាក្តីទ្រព្យសម្បត្តិ សរុបបូករួមទាំងទុនបម្រុង របស់រុស្សីទាំងអស់ ដែលត្រូវបានបង្កកដោយអឺរ៉ុប មិនទាន់ត្រូវបានអ្នកណាគណនា បាននៅឡើយ ខណៈដែលរុស្សី បានធ្វើការអះអាង កាលពីដើមឆ្នាំ មកថាទុនបម្រុងរបស់ខ្លួន ដែលនៅក្រៅ ប្រទេសសរុប មានទៅដល់៣០០ពាន់លានដុល្លារ ដោយមិនទាន់គិតបញ្ចូល នូវអចលនទ្រព្យនិងទ្រព្យសម្បត្តិផ្សេងៗទៀត នៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top