ព័ត៌មានអន្តរជាតិ

វៀតណាម រកឃើញអ្នកឆ្លង​ ជំងឺកូវីដ-១៩ថ្មីជាង២៥០នាក់

ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន២៥៩នាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ពោលគឺធ្លាក់ចុះចំនួន ១៧៦នាក់ ធៀបនឹងថ្ងៃសុក្រ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ករណីថ្មីទាំងអស់ ត្រូវបានចម្លងក្នុងស្រុក ។

ការឆ្លងថ្មីនេះ បានធ្វើឱ្យចំនួនសរុប របស់ប្រទេសនេះឡើង ដល់១១.៥១១.១៧៨នាក់ ។ ប្រទេសនេះបានរាយការណ៍ ពីការស្លាប់ថ្មី ពីជំងឺរាតត្បាតនៅក្នុងខេត្ត Binh Thuan ភាគកណ្តាលភាគខាងត្បូង នៅថ្ងៃសៅរ៍នេះដែលនាំឱ្យចំនួនអ្នក ស្លាប់សរុបកើន ឡើងដល់៤៣.១៦៩នាក់ ។

ក្រសួងបានឱ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍នេះ ករណីធ្ងន់ធ្ងរចំនួន៥២នាក់ កំពុងត្រូវការជំនួយការដកដង្ហើម នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន១០,៦០៦,៧៤៦នាក់ ឬស្មើនឹងជាង៩២ភាគរយ នៃអ្នកឆ្លងជំងឺសរុបបានជាសះស្បើយពីជំងឺ ។

ក្រសួងបានឲ្យដឹងថា ជិត២៦៣.២លានដូស នៃវ៉ាក់សាំងកូវីដ-១៩ ត្រូវបានចាក់នៅក្នុងប្រទេស បូករួមទាំងការចាក់ថ្នាំប្រមាណ ២២២.៤លានដងដល់មនុស្ស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ។

គួរបញ្ជាក់ថា ប្រទេសវៀតណាម បានកត់ត្រាការឆ្លងមេរោគកូវីដ-១៩ រួចហើយជាមួយនឹង ប្រភេទរង Omicron BA.4, BA.5, BA.2.12.1 និង BA.2.74 ហើយកំពុងពន្លឿន ការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន ជាមួយនឹងកម្រិតថ្នាំវ៉ាក់សាំងទី៤ ៕

To Top