ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការអភិវឌ្ឍ របស់ប្រទេសចិន មិនអាចកាត់ផ្ដាច់ ពីអាស៊ីប៉ាស៊ីហ្វិកបានទេ ហើយវិបុលភាព នៃអាស៊ីប៉ាស៊ីហ្វិក ក៏មិនអាចកាត់ផ្ដាច់ ពីប្រទេសចិនផងដែរ

កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា កិច្ចប្រជុំក្រៅផ្លូវការ របស់មេដឹកនាំអង្គការ APEC លើកទី ២៩ បានបិទបញ្ចប់នៅប្រទេសថៃ ។ ក្នុងអំឡុងពេលកិច្ចប្រជុំលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា គន្លឹះដោយលើកឡើង នូវគំនិតផ្តួចផ្តើមនិងវិធានការ ជាក់ស្តែងសំខាន់ៗ មួយចំនួនជុំវិញ ការកសាងសហគមន៍ រួមវាសនាតែមួយ នៃអាស៊ីប៉ាស៊ីហ្វិក និងជំរុញការធ្វើសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់ជាដើម ដែលទទួលបាន ការឆ្លើយតប និងគាំទ្រយ៉ាង សកម្មពីបណ្តាភាគីនានា ។ កិច្ចប្រជុំលើកនេះ បានអនុម័តលើឯកសារសមិទ្ធិផលសំខាន់ៗ ចំនួនពីរ គឺ 《សេចក្តីប្រកាស របស់មេដឹកនាំអង្គការ APEC》 និង 《គោលដៅក្រុងបាងកក ស្តីពីសេដ្ឋកិច្ចបៃតង តាមវិធីវិលជុំខាងជីវសាស្រ្ត》 ដែលបានឆ្លុះបញ្ចាំង ពីគោលនយោបាយ និងគំនិតផ្តួចផ្តើមពាក់ព័ន្ធ របស់ប្រទេសចិន ។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិ បានសម្គាល់ឃើញជាទូទៅថា ពាក្យសម្តីសំខាន់ៗ របស់លោកប្រធានរដ្ឋចិន Xi Jinping បានបំភ្លឺដល់ “ពេលវេលាអាស៊ី” សម្រាប់អភិបាលកិច្ចសកល ហើយប្រទេសចិនបានក្លាយជាកម្លាំងនាំមុខគេ ដែលសាមគ្គីគ្រប់ភាគីទាំងអស់ ដើម្បីទប់ទល់ នឹងបញ្ហាប្រឈមរួម ។

អង្គការ APEC គឺជាវេទិកាដ៏សំខាន់បំផុត សម្រាប់កិច្ចសហប្រតិបត្តិការ ខាងសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ក្នុងនាមជា”ប្រទេសនាំមុខគេ” និង”ក្បាលម៉ាស៊ីន” នៃសេដ្ឋកិច្ចពិភពលោក តើកិច្ចសហប្រតិបត្តិការ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងវិវឌ្ឍរីកចម្រើន ទៅរកទិសដៅយ៉ាងណា និងដើរតាមផ្លូវណា ? វាមិនត្រឹមតែពាក់ព័ន្ធ ដល់អនាគត និងជោគវាសនា នៃតំបន់នេះប៉ុណ្ណោះទេ ថែមទាំងក៏បាន ជះឥទ្ធិពល យ៉ាងខ្លាំងដល់ការអភិវឌ្ឍ សេដ្ឋកិច្ចពិភពលោកផងដែរ ។ កិច្ចប្រជុំ របស់អង្គការ APEC ឆ្នាំនេះបានធ្វើឡើងក្រោមប្រធានបទ “ការបើកទូលាយ តភ្ជាប់គ្នានិងតុល្យភាព” ដែលបានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួម របស់មហាគ្រួសារអាស៊ីប៉ាស៊ីហ្វិក ។

ប្រទេសចិនគឺជារដ្ឋសមាជិក ដ៏សំខាន់នៃអង្គការ APEC ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការ របស់មេដឹកនាំអង្គការ APECឆ្នាំនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានអំពាវនាវ ឱ្យកសាងសហគមន៍រួមវាសនាតែមួយនៃអាស៊ីប៉ាស៊ីហ្វិក ដែលប្រកបដោយសន្តិភាព ស្ថិរភាព ភាពសម្បូរសប្បាយរួម ភាពស្រស់ស្អាត និងជួយគ្នាទៅវិញ ទៅមកដោយសង្កត់ធ្ងន់ថា “ត្រូវប្រកាន់ខ្ជាប់នូវពហុភាគី និយមដ៏ពិតប្រាកដនិងគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី” “ត្រូវប្រកាន់ខ្ជាប់ នូវការផ្តល់ ផលប្រយោជន៍ជាទូទៅនិង មានភាពបរិយាប័ន្ន ព្រមនិងសម្រេចបាននូវការ ផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមក និងឈ្នះ-ឈ្នះ” “ត្រូវប្រកាន់ខ្ជាប់នូវការបើកចំហកិច្ច សហប្រតិបត្តិការក្នុងតំបន់និងរួមគ្នា ជំរុញវិបុលភាព នៃអាស៊ីប៉ាស៊ីហ្វិក ។”
បើមើលពីសុន្ទរកថា គន្លឹះទាំងនេះ មជ្ឈដ្ឋានខាងក្រៅអាចឃើញថា ជានិច្ចកាល ប្រទេសចិន តែងតែផ្តោតសំខាន់ លើពាក្យគន្លឹះមួយនេះ ពោលគឺ “សហគមន៍រួមវាសនាតែមួយ នៃអាស៊ីប៉ាស៊ីហ្វិក” ដោយបានអំពាវនាវឱ្យបណ្តាភាគីនានា “គាំពារទិសដៅត្រឹមត្រូវ នៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក” ក៏ដូចជាបានអធិប្បាយពីបញ្ហាថា “តើត្រូវជំរុញឱ្យកិច្ចសហប្រតិបត្តិការ អាស៊ីប៉ាស៊ីហ្វិក មានភាពកាន់តែស៊ីជម្រៅ តាមរបៀបណា” ។

ការអភិវឌ្ឍរបស់ប្រទេសចិន មិនអាចកាត់ផ្ដាច់ពីអាស៊ីប៉ាស៊ីហ្វិកបានទេ ហើយវិបុលភាពនៃអាស៊ីប៉ាស៊ីហ្វិក ក៏មិនអាចកាត់ផ្ដាច់ពីប្រទេសចិនផងដែរ ។ អង្គការ APEC បានកំណត់គោលដៅដ៏មហិមា ស្តីពីការបង្កើត”សហគមន៍រួម នៃអាស៊ីប៉ាស៊ីហ្វិក”នៅឆ្នាំ ២០៤០ ដែលបានផ្សារភ្ជាប់ និងជំរុញគ្នាទៅវិញទៅមក ជាមួយនឹងទស្សនៈ ស្តីពីការកសាងសហគមន៍ រួមវាសនាតែមួយ នៃអាស៊ីប៉ាស៊ីហ្វិក ដែលប្រទេសចិន បានលើកឡើងនោះ ។ ក្នុងសុន្ទរកថាគន្លឹះ របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានធ្វើឡើង ក្នុងកិច្ចប្រជុំរបស់ អង្គការ APEC ឆ្នាំនេះ បានបន្សល់ទុកម្តងទៀត នូវ”ដានរបស់ចិន” ដ៏ជ្រាលជ្រៅ លើផ្លូវអភិវឌ្ឍន៍ នៃអាស៊ីប៉ាស៊ីហ្វិក ។ ប្រទេសចិនដែលបោះជំហានឆ្ពោះ ទៅរកការធ្វើទំនើបកម្មជាបន្តបន្ទាប់ ពិតជានឹងផ្តល់កាលានុវត្តភាពថ្មី កាន់តែច្រើនដល់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក តាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួន ជាក់ជាមិនខាន ៕

To Top